(ភ្នំពេញ)៖ កម្មវិធី «ប្រកួតបវរកញ្ញាឯក​ ទេសចរណ៍អន្តរជាតិ» ដែល​ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកទី១ ពុំធ្លាប់មាន នៅរាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦​នេះ រៀបចំដោយសណ្ឋាគារណាហ្គាវើល សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ បានរកឃើញអ្នកទទួលបានជយលាភី គ្រងមកុដ​ក្នុងព្រឹត្តិការណ៍នេះហើយ គឺកញ្ញាឯកមកពីប្រទេសថៃ ខណៈដែលកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា ជាម្ចាស់ផ្ទះ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកញ្ញា​ឯកចំនួន៤១ ប្រទេស មកពីជុំវិញ​ ពិភពលោក។

លោក Tan Dri Datuk Danny Oci អ្នកគ្រប់គ្រងកម្មវិធីប្រកួត បានបញ្ជាក់ឲ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាឯកទេសចរណ៍ អន្តរជាតិនេះ បានផ្តល់ឱកាសឲ្យបវរកញ្ញាឯក មកពីបណ្តាប្រទេស ផ្សេងៗគ្នា បានចែករំលែក រៀនសូត្រ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ រវាងគ្នានិងគ្នា ទៅវិញទៅមក។ កម្មវិធីនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍ វប្បធម៌ អំពើល្អ មិត្តភាព រវាងបវរកញ្ញាឯក ដែលតំណាងឲ្យប្រទេសនីមួយៗ។

កម្មវិធីប្រកួតបវរកញ្ញាឯក​ទេសចរណ៍ អន្តរជាតិឆ្នាំ២០១៦ វគ្គផ្តាច់ព្រ័ត្រ ក៏​ដើម្បីចូលរួមចំណែក ជាមួយក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងវប្បធម៌ ​ផ្សព្វផ្សាយ​អំពីវិស័យ ទេសចរណ៍ទាំងធម្មជាតិ និងទាំងបេតិកភណ្ឌនានា ក្រោមប្រធានបទ «កម្ពុជាព្រះរាជាណាចក្រ​អច្ឆរិយៈ» តាមរយៈការចូលរួមពី បវរកញ្ញាឯកទេសចរណ៍ អន្តរជាតិ​ទាំង៤១រូប។ ​

ជាការកត់សំគាល់ នៅក្នុងបេសកកម្មផ្សព្វផ្សាយ​ បវរកញ្ញាឯកទេសចរណ៍ អន្តរជាតិគ្រប់រូប ​ត្រូវបានទៅបំពេញទស្សនកិច្ច តាមរមណីយដ្ឋានប្រវត្ថិសាស្រ្ត សំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ រួមមាន ព្រះបរមរាជវាំង វិមានឯករាជ្យ និងសារមន្ទីរជាតិ។ ក្រៅពីនោះ ក៏មានការធ្វើដំណើរទៅទស្សនា​​​​ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាបផងដែរ។

លោកបន្តថា ជាក់ស្ដែង ក្នុងថ្ងៃនេះកម្មវិធីប្រកួត បានរកឃើញបវរកញ្ញាឯក ដែលមានសម្រស់ល្អផ្ដាច់គេ និងមានទេពកោសល្យខ្ពស់ ក្រោមការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់បំផុត ពីគណកម្មការដាក់ពិន្ទុ មកពីអន្តរជាតិ ដោយការផ្ដល់ពិន្ទុយ៉ាងសុកក្រិត និងយុត្តិធម៌​។ កញ្ញាឯកដែលទទួលបានជ​យលាភីលេខ១ នឹងមានឱកាស ផ្សព្វផ្សាយ​អំពីវិស័យ ទេសចរណ៍ទាំងធម្មជាតិ និងទាំងបេតិកភណ្ឌនានា ក្រោមប្រធានបទ «កម្ពុជាព្រះរាជាណាចក្រ​អច្ឆរិយៈ» ហើយនិងស្គាល់ពីវប្បធម៌ អរីយធម៌របស់ប្រទេសកម្ពុជា កាន់តែច្បាស់។

គួរបញ្ជាក់ថា ការប្រកួតបវរកញ្ញាឯកទេសចរណ៍ អន្តរជាតិវគ្គផ្តាច់ព្រ័ត្រ ប្រចាំឆ្នាំ២០១៦ ​កញ្ញាឯកដែលទទួលបានជ័យលាភីលេខ១ គ្រងមកុដ ដ៏អស្ចា្យនេះ គឺបានទៅលើកញ្ញាឯក មកពីព្រះរាជាណាចក្រថៃ មានឈ្មោះថា Amanda Charleen មានអាយុ២៣ ឆ្នាំ, ជយលាភី​លេខ២ បានទៅកញ្ញាឯកមកពីប្រទេស ហ្វីលីពីន មានឈ្មោះ Janela Joy អាយុ១៩ឆ្នាំ, ជយលាភីលេខ៣ បានទៅលើកញ្ញាឯក​តំណាងឲ្យប្រទេសកម្ពុជា មានឈ្មោះ ហង្ស ម៉ានីតា (Hang Manita) មានអាយុ ១៨ឆ្នាំ, ជយលាភីលេខ៤ បានទៅលើកញ្ញាឯក​មកពីប្រទេស កូស្តារីកា មានឈ្មោះ Raquel Maria មានអាយុ២០ ឆ្នាំ និងជយលាភីលេខ៥ បានទៅលើ កញ្ញាឯកមកពីប្រទេសចិន មានឈ្មោះ Jia Zijun មានអាយុ ២៣ឆ្នាំ៕​