(ភ្នំពេញ)៖ សាលាមីគីវ៉េ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីប្រកាសលទ្ធផល នៃការប្រឡងសិស្សពូកែ ផ្នែកបឋមសិក្សាភាសាខ្មែរ ទូទាំងសាលាមីគីវ៉េទាំង១៦សាខា និងប្រគល់រង្វាន់ជ័យលាភី ដល់សិស្សឆ្នើមប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅក្រោមអធិបតីលោក ព្រាប កុម្ភៈ ប្រធានការិយាល័យ បឋមនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំសាលាបុគ្គលិក លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស និងមាតាបិតាសិស្សយ៉ាងច្រើនកុះករ។
លោក សៅ ហៃ ប្រធានការិយាល័យចំណេះទូទៅភាសាខ្មែរ នៃសាលាមីគីវ៉េ បានបញ្ជាក់ថា សាលាមីគីវ៉េទាំង១៦សាខាមានសិស្សសរុបចំនួន ១៨,៦៣៦នាក់ ស្រី៨,៣៨៦នាក់ កំពុងសិក្សាកម្មវិធីភាសាអង់គ្លេស និងចំណេះទូទៅភាសាខ្មែរ តាំងពីកម្រិតមត្តេយ្យ សិក្សាដល់កម្រិតទី១២។ ក្នុងនោះសិស្សចំណេះទូទៅភាសាខ្មែរ ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និង មធ្យមសិក្សាទុតិយភូមិ មានសិស្សសរុបចំនួន ៦,២៤០នាក់ ស្រី៣,០០៤នាក់។
លោកបានបន្ថែមថា ក្នុងកម្មវិធីនេះសាលាបានអញ្ជើញសិស្សពូកែ (ចំណាត់ថ្នាក់លេខ១ប្រចាំសាខា) ទាំង១៥៣នាក់មកពីគ្រប់សាខាទាំង១៦ ឱ្យចូលរួមនិងចែកជូនរង្វាន់ និងប័ណ្ណសរសើរដល់ ពួកគាត់។ នៅក្នុងចំណោម សិស្សពូកែទាំង១៥៣នាក់ មានសិស្សចំនួន១៨នាក់ ត្រូវបានជ្រើសរើសជាសិស្សឆ្នើម ទូទាំងសាលាមីគីវ៉េ ប្រចាំឆ្នាំសិក្សា ២០១៥-២០១៦ ដោយសាលាបាន ផ្តល់ជូនពានជ័យលាភី អាហារូបករណ៍ សំភារៈសិក្សា និងថវិការជាច្រើនទៀត ដល់សិស្សឆ្នើមទាំងនោះ ដើម្បីជាការលើកទឹកចិត្ត។
លោក សែម សុវ័ន នាយកសាលាមីគីវ៉េ ថ្លែងបញ្ជាក់ថា ការកំណត់ឱ្យមានការប្រលងជ្រើសរើស សិស្សឆ្នើមសម្រាប់ឆ្នាំសិក្សានីមួយៗ របស់សាលាមីគីវ៉េ គឺជាយន្តការមួយក្នុងចំណោមយន្តការជាច្រើន នៃផែនការពង្រឹងគុណភាព សិក្សារបស់សិស្ស។ លទ្ធផលដែលក្មួយៗសិស្សពូកែទាំងអស់ ទទួលបានគឺជាការតបស្នងមួយ ដ៏មានន័យជួនដល់មាតាបិតារបស់ក្មួយៗ និងជាមោទនភាពមួយ សម្រាប់ខ្លួនឯង និងសម្រាប់គ្រូសាររបស់ក្មួយៗ។
លោក សែម សុវ័ន បានធ្វើការថ្លែងអំណរគុណ ចំពោះការផ្តល់ទំនុកចិត្ត ដល់សាលាមីគីវ៉េ របស់សិស្សានុសិស្ស និងរបស់លោក-លោកស្រី ដែលជា មាតាបិតាឬអាណាព្យាបាលសិស្ស ដោយការជ្រើសរើស យកសាលាមីគីវ៉េ ជាកន្លែងផ្តល់ការអប់រំដល់ក្មួយៗ និងបុត្រធីតារបស់អស់លោក-លោកស្រី និងសំណូមពរឱ្យក្មួយៗ និងលោក-លោកស្រី ដែលជាមាតាបិតា ឬអាណាព្យាបាលបន្តនូវការគាំទ្រ និងសហការណ៍ជាមួយសាលា ដើម្បីជំរុញឱ្យការសិក្សា របស់ក្មួយៗជាសិស្សានុសិស្ស កាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត។
លោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានមតិកំណត់សំគាល់ថា សាលាមីគីវ៉េ គឺជាសាលាមាន អាជ្ញាប័ណ្ណត្រឹមត្រូវ និងគោរពតាមបទដ្ឋានក្រសួងអប់រំយុវជន និងកីឡា។ លោកបានធើ្វការកោតសរសើរ ចំពោះការរីកចំរើន និងប្រព័ន្ធគ្រប់គ្រង របស់សាលាមីគីវ៉េ៕