(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយធ្វើការអំពាវនាវដល់សាធារណជន មជ្ឈដ្ឋានទូទៅ ព្រមទាំងសាច់ញាតិខាងលោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង និងខាងភាគីក្មេងស្ទាវ ដែលបានមានជម្លោះជាមួយគ្នា សូមរក្សាភាពស្ងៀមស្ងាត់ ខណៈដែលពេលនេះមន្ដ្រីជំនាញ កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដែលដឹកនាំបញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជហត្ថលើផ្ទៃប្រទេស ដើម្បីរកភាពយុត្តិធម៌ជូនភាគីទាំង២ តាមច្បាប់ឲ្យខាងតែបាន។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បន្ថែមថា មូលហេតុដែលនាំឲ្យលោកឧត្តមសេនីយ៍ឯក នន្ទ សុខា បានដកកាំភ្លើងមកកាន់គំរាមនោះ គឺដើម្បីតែការពារខ្លួនតែប៉ុណ្ណោះ ព្រោះតែលោកព្រួយបារម្មណ៍ខ្លាចក្មេងស្ទាវនោះបុកលោកម្ដងទៀត ដោយពីមុនបានប៉ុនប៉ុងបុកម្ដងហើយ តែដោយសារលោក និងអង្គរក្សរបស់លោកលោតទាន់ កុំអីមិនដឹងជាយ៉ាងណានោះទេ។

ឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យ បានបញ្ជាក់ថា លោកនាយឧត្តមសេនីយ៍ សៅ សុខា កំពុងតែឲ្យមន្ដ្រីជំនាញបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងផ្តល់យុត្តិធម៌ជាទីបំផុតជូនភាគីទាំង២ ហើយការអនុវត្តនឹងត្រូវធ្វើទៅតាមនីតិវិធី មិនហួសពីការកំណត់នៅក្នុងច្បាប់នោះទេ។

សូមជំរាបថា បន្ទាប់ពីមានជម្លោះ និងឃាត់ខ្លួនបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងភ្នំពេញ, ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ត្រូវបានមន្រ្តីអាវុធហត្ថបញ្ជាក់ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា បន្ទាប់ពីពិនិត្យតាមដានទឹកនោមឃើញថា យុវជននោះបានប្រើប្រាស់គ្រឿងញៀន។

មន្រ្តីអាវុធហត្ថបានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃសៅរ៍នេះបន្ថែមទៀតថា ក្រោយពីពិនិត្យទឹកនោមរួចហើយ យុវជននេះក៏បានសារភាពខ្លួនឯងដែរថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនតាំងពីម្សិលមិញ។ ការពិនិត្យទឹកនោមនេះធ្វើឡើងនៅទីបញ្ជាការអាវុធហត្ថក្រុងភ្នំពេញនាពេលយប់មិញ។

មន្រ្តីអាវុធហត្ថក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា កាលពីយប់មិញមាន​បក្ខពួក៦នាក់របស់ ក្មេងស្ទាវដែល សម្តីជេរសម្លុតឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា បានទៅអុកឡុក និងរំខានពេញទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ហើយត្រូវបានឃាត់ខ្លួនដើម្បីធ្វើការអប់រំ។

ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យនេះ ត្រូវបានមន្ត្រីអាវុធហត្ថមួយរូបថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកានេះថា គឺជាកូនប្រុសលោកវេជ្ជបណ្ឌិត (Doctor) ឬជាមន្រ្តីសុខាភិបាល មានលំនៅដ្ឋាន នៅខណ្ឌសែនសុខ និងរូបគេជាមន្រ្តីយោធាផងដែរ។

ក្មេងស្ទាវរូបនេះមានមិត្តភក្តិមួយចំនួន សុទ្ធតែកូនអ្នកធំ និងអ្នកមានផងដែរ ដែលមានគណនី Facebook ឈ្មោះ «Ya Ko Sa (Me Phea)»។ មូលហេតុដែលរូបគេបានប្រើពាក្យសម្តីបែបនេះដោយសារតែស្រវឹងខ្លាំង និងប្រើប្រាស់គ្រឿងញៀន នេះបើតាមមន្រ្តីអាវុធហត្ថបញ្ជាក់។

ឧត្តមសេនីយ៍ឯក នន្ទ សុខា ដែលទើបត្រឡប់មកពីបំពេញបេសសកម្មការងារនៅខេត្តស្វាយរៀង បានអំពាវនាវ និងទទូចថា សូមកុំឲ្យមានការអន្តរាគមន៍​ឲ្យសោះ ព្រោះករណីនេះ សូមទុកឲ្យសមត្ថកិច្ច និងតុលាការចាត់ការ​តាមនីតិវិធីច្បាប់ចុះ។

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ក្មេងស្ទាវបង្កហេតុខាងលើ កំពុងស្ថិតក្រោមការសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តនិតីវិធីច្បាប់៕