(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស បានចេញមុខមកបញ្ជាក់លម្អិតពីហេតុការណ៍ឈ្លោះគ្នាជាមួយក្មេងស្ទាវ នៅក្បែរផ្សារថ្មី គឺផ្តើមចេញពីក្មេងស្ទាវនេះបើករថយន្តបំបុកប៉ុនប៉ងចង់សម្លាប់រូបលោក តែសំណាងល្អរូបគាត់គេចផុតពីគ្រោះថ្នាក់។
ឧត្តមសេនីយ៍ឯក នន្ទ សុខា បានរៀបរាប់ និងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា៖
នៅយប់មិញលោកឈប់រថយន្ត នៅមុខហាងលក់ទូរស័ព្ទហាក់សែ ពេលនោះក្មេងស្ទាវខាងលើ បានថយរថយន្ត ជិតប៉ះរថយន្តលោក ហើយពេលនោះលោកក៏ ចុចស៊ីផ្លេឲ្យដឹងក្រែងថយជ្រុលមកប៉ះ ពីព្រោះវាគៀកណាស់ទៅហើយ។ ពេលនោះក្មេងស្ទាវខាងលើ ក៏បានបើកទៅមុខចំងាយប្រហែល៥ម៉ែត រួចហើយក៏ចុចកញ្ចក់ ប្រើសម្តីជេរខ្លាំងៗ ហើយថែមទាំងចុះពីលើរថយន្ត ទៅស្តីឲ្យលោកថា «អញបុកឡានហ្អែងនៅ បើអញបុក អញសង ឡានអញមានកញ្ចក់ក្រោយតើ ... ហ្អែងដឹងថា អញកូនពីណាគេអត់?»។ ពេលនោះលោក ក៏ឆ្លើយតបវិញថា «ទោះកូនពីណាគេក៏ដោយ ត្រូវទទួលខុស»។
ក្មេងស្ទាវរូបនេះក៏បានបន្តបោះពាក្យសម្តីទៀតថា «ចាំមើលអញ បុកហ្អែងអោយមើល»។ មិនទាន់ថា ផុតពីមាត់ផង ក៏រូបគេរត់ឡើងរថយន្ត ហើយបើកសំដៅបុកលោក និងអង្គរក្ស នៅឈរនៅក្រៅរថយន្ត តែសំណាងល្អចេះលោតទាន់ កុំអីមានគ្រោះថ្នាក់បាត់ទៅហើយ។
ក្រោយបើកបុកលោកប៉ុនប៉ងសម្លាប់ហើយ ក្មេងស្ទាវខាងលើ ក៏បើករថយន្ត គេច១ជុំ២ជុំ ផ្សារថ្មី ដោយជ្រែចាក់គួរ ហើយលោកបើករថយន្តដេញតាមតែតាមមិនទាន់។ តែបានបន្តិច ក្មេងស្ទាវខាងលើ ក៏បើករថយន្ត មកឈប់ក្បែរផ្សារថ្មី ដោយបិតភ្លើង តែលោកចំណាំស្លាកលេខ ក៏ចង់ចុះទៅឃាត់ ហើយរូបគេក៏បើកទៅមុខទៀត។ លោកក៏បានតាមបន្តទៀត តែតាមមិនទាន់ លុះដល់ស្តុបនៅខាងកើតផ្សារថ្មី រថយន្តរបស់គេទៅមុខលែងរួច ដោយទើសម៉ូតូ ទើបលោកតាមទាន់ ហើយឈប់រថយន្ត ពីក្រោយ ដោយលោក និងអង្គរក្ស បានដើរទៅមុខរថយន្ត រួចដកកាំភ្លើង ដោយលោកបញ្ជាក់ថា «បើហ៊ានបើកទៅមុខ នឹងបាញ់កង់ឡាន ពីព្រោះវា មានបំណងបើក បុកសម្លាប់ខ្ញុំ»។ នៅទីនោះហើយដែលក្មេងស្ទាវ មានឱកាសថតរូប និងវិដេអូ យកទៅបង្ហោះតាម Facebook ដោយនិយាយថា លោកឧត្តមសេនីយ៍ឯក នន្ទ សុខា ដកកាំភ្លើងភ្ជង់រូបគេ។
ទោះបីយ៉ាងណាខាងលើនេះជាការបញ្ជាក់ភាគីម្ខាងតែប៉ុណ្ណោះ, មិនទាន់មានការបំភ្លឺពីភាគីយុវជននៅឡើយនោះទេ។
បន្ទាប់ពីឃាត់ខ្លួនបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងភ្នំពេញ, ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ត្រូវបានមន្រ្តីអាវុធហត្ថបញ្ជាក់ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា បន្ទាប់ពីពិនិត្យតាមដានទឹកនោមឃើញថា យុវជននោះបានប្រើប្រាស់គ្រឿងញៀន។
មន្រ្តីអាវុធហត្ថបានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃសៅរ៍នេះបន្ថែមទៀតថា ក្រោយពីពិនិត្យទឹកនោមរួចហើយ យុវជននេះក៏បានសារភាពខ្លួនឯងដែរថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនតាំងពីម្សិលមិញ។ ការពិនិត្យទឹកនោមនេះធ្វើឡើងនៅទីបញ្ជាការអាវុធហត្ថក្រុងភ្នំពេញនាពេលយប់មិញ។
មន្រ្តីអាវុធហត្ថក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា កាលពីយប់មិញមានបក្ខពួក៦នាក់របស់ ក្មេងស្ទាវដែល សម្តីជេរសម្លុតឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា បានទៅអុកឡុក និងរំខានពេញទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ហើយត្រូវបានឃាត់ខ្លួនដើម្បីធ្វើការអប់រំ។
ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យនេះ ត្រូវបានមន្ត្រីអាវុធហត្ថមួយរូបថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកានេះថា គឺជាកូនប្រុសលោកវេជ្ជបណ្ឌិត (Doctor) ឬជាមន្រ្តីសុខាភិបាល មានលំនៅដ្ឋាន នៅខណ្ឌសែនសុខ និងរូបគេជាមន្រ្តីយោធាផងដែរ។
ក្មេងស្ទាវរូបនេះ មានមិត្តភក្តិមួយចំនួន សុទ្ធតែកូនអ្នកធំ និងអ្នកមានផងដែរ ដែលមានគណនី Facebook ឈ្មោះ «Ya Ko Sa (Me Phea)»។ មូលហេតុដែលរូបគេបានប្រើពាក្យសម្តីបែបនេះដោយសារតែស្រវឹងខ្លាំង និងប្រើប្រាស់គ្រឿងញៀន។
ឧត្តមសេនីយ៍ឯក នន្ទ សុខា ដែលទើបត្រឡប់មកពីបំពេញបេសសកម្មការងារនៅខេត្តស្វាយរៀង បានអំពាវនាវ និងទទូចថា សូមកុំឲ្យមានការអន្តរាគមន៍ឲ្យសោះ ព្រោះករណីនេះ សូមទុកឲ្យសមត្ថកិច្ច និងតុលាការចាត់ការតាមនីតិវិធីច្បាប់ចុះ។
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ក្មេងស្ទាវបង្កហេតុខាងលើ កំពុងស្ថិតក្រោមការសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕