(ភ្នំពេញ)៖​ រថយន្តកាមរីហាយព្រីកមួយគ្រឿង​ បានបើកបរក្នុងល្បឿនយ៉ាងលឿន​ ខណះមកដល់ចំណុចមុខស្ថានទូតបារាំង​ ក៏រេចង្កូតទៅបុកបង្គោលរបងស្ថានទូបារាំងបណ្ដាលឲ្យ​បាក់អស់៣កង់​ ចំណែករថយន្តបង្ករងការខូចខតខាងមុខយ៉ាងដំណំ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤៖៤០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី១៩​ ខែវិឆ្ឆិការ​ ឆ្នាំ២០១៦​ នៅចំណុចមុខស្ថានទូតបារាំង​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

ព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា​ ដំបូងគេឃើញ​ ថយន្តបង្កម៉ាកកាមរីហាយព្រីក​ ពណ៌ស្ក​ ពាក់ស្លាកលេខ ភ្នំពេញ 2V-3225 ដែលបើកបរដោយបុរសម្នាក់​ទំនងជាងងុយដេក​ ធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ ទិសដៅពីជើងទៅត្បួង​ក្នុងល្បឿនលឿន​ ខណះមកដល់ចំណុចកើតហេតុ​ ក៏រេចង្កូតជ្រុលទៅបុកបង្គោលរបងដាក់ច្រវ៉ាក់​ស្ថានទូតបារាំងពេញទំហឹង​ បណ្ដាលឲ្យបាក់អស់៣កង់​ រីឯរថយន្តបង្កបានដាច់ការឡែកង់មុខផ្នែកខាងស្ដាំទៅមុខលេងរួច​ ដោយឡែកម្ចាស់រថយន្តបង្កវិញសំណាងមិនរងរបួស​ ហើយក្រោយពីកើតហេតុភ្លាមៗបានចុះគេចខ្លួនបាត់ស្រមោល។

បន្ទាប់មក​សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ និងទំនាក់ទំនងទៅជំនាញ​ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ​ រងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់៕