(ភ្នំពេញ)៖ បុរសម្នាក់តាមស្រឡាញ់ស្ដ្រីម៉ាស្សា ដែលបម្រើការនៅផ្ទះម៉ាស្សាយីហោ «៩៩៩៩» មិនបានហើយហៅទៅនៅផ្ទះជាមួយមិនព្រមទៀត តាមដុតកន្លែងធ្វើការចោល តែត្រូវម្ចាស់ផ្ទះពន្លត់ទាន់ពេល ក្រោយមកជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន។

ហេតុការណ៍នេះ កើតឡើងនៅយប់៧៖៥០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះម៉ាស្សាយីហោ «៩៩៩៩» ផ្ទះលេខ៣៧៥ ផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីកងរាជអាវុធហត្ថខណ្ឌ បានឲ្យដឹងថា ជនសង្ស័យបានស្រឡាញ់ស្ដ្រីម៉ាស្សាម្នាក់ ឈ្មោះ ជា ស្រីអូន អាយុ២៥ឆ្នាំ បម្រើការនៅផ្ទះខាងលើរយៈពេលជាង២ខែមកហើយ ដោយជនសង្ស័យបានហៅស្រីមុំ ឲ្យទៅនៅផ្ទះជាមួយប៉ុន្ដែត្រូវនាងប្រកែកព្រោះមិនទាន់ស្គាល់ជនសង្ស័យច្បាស់។ លុះនៅថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ អៀម រដ្ឋា អាយុ២៤ឆ្នាំ មុខរបររត់កង់បី បានមករកឈ្មោះជាស្រីមុំ នៅកន្លែងម៉ាស្សាហើយមានកាន់ថង់មួយ ដាក់ដបសាំងប្រហែល៣លីត្រ និងកាន់ដែកកេះមួយក្នុងដៃ ពេលឃើញ
ដូច្នោះ​ស្រីមុំ បានរត់ចូលក្នុងផ្ទះ ហើយជនសង្ស័យបានដេញតាម និងចាក់សាំងដុតក្នុងផ្ទះតែម្តង ប៉ុន្តែត្រូវបានម្ចាស់ផ្ទះពន្លត់ទាន់ពេល។

មន្ដ្រីដដែលបន្ថែមថា ក្នុងហេតុការនេះ បណ្ដាលឲ្យមនុស្ស២នាក់របួសស្រាល និងខូចខាតសម្ភារៈក្នុងផ្ទះបន្ដិចបន្ទួច ហើយជនសង្ស័យ​ត្រូវបានកម្លាំងល្បាត អាវុធហត្ថខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានភ្លាមៗតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕