(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានកិត្តិយសទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូមកពីសាកលវិទ្យាល័យ ដ៏ល្បីឈ្មោះលំដាប់ពិភពលោក របស់ប្រទេសបារាំង École Polytechnique ដឹកនាំដោយឧត្តមសេនី Yves Demay អគ្គនាយកសាលាពហុបច្ចេកទេស, លោក Frédéric Vialade តំណាងផ្នែករដ្ឋបាលយោធា និងលោកបណ្ឌិត Sébastien Fernandez អនុប្រធានទំនាក់ទំនងអន្តរជាតិ។
គួររំលឹកថា សាលាពហុបច្ចេកទេសនេះ ត្រូវបានកសាងដោយសហស្ថាបនិក៖ ឧត្តមសេនីឯក Napoléon ទី១, Gaspard Monge, Lazare Carnot នៅឆ្នាំ១៧៩៤។ នាពេលបច្ចុប្បន្ន សាលានេះមាននិសិ្សតចំនួន២៩៤៤នាក់ ក្នុងនោះមាននិសិ្សតបរទេស៦៤៩នាក់ មាន៥០សញ្ជាតិខុសៗគ្នា (១៦នាក់ខ្មែរ)។
ចំពោះការសិក្សានៅសាលានេះ គឺជាការលំបាកមួយសំរាប់និសិ្សត ព្រោះត្រូវការប្រឡងចូលយ៉ាងតឹងរឹងជាទីបំផុត។ សូម្បីតែនិសិ្សត បារាំងក៏ទទួលស្គាល់ថាទាល់តែពូកែទើបអាចប្រលងជាប់ចូលរៀននៅសាលានេះ។
ក្រៅពីសាលាមួយនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏មានទំនាក់ទំនងដៃគូជាមួយសាលាធំៗដ៏ទៃទៀត ដូចជា Telecom ParisTech, ISAE-Supaéro, ENSTA, ESPCI ។ល។ ដែលរហូតមកដល់ពេលនេះ មាននិសិ្សតខ្មែរពីសាលាតិចណូ ចំនួន២១នាក់។
ជារៀងរាល់ឆ្នាំក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរសាកលវិទ្យាល័យ យើងទទួលនិសិ្សតមកពី École Polytechnique ចំនួន២នាក់ ដើមី្បធ្វើកម្មសិក្សា និងមានសាស្រ្តាចារ្យបារាំង មករៀបចំការ ប្រលងរាល់ឆ្នាំ។
ជាក់ស្តែងដូចជាឆ្នាំ២០១៦នេះ ការប្រលងបានប្រព្រឹត្តិទៅ ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ និសិ្សតចំនួន១0នាក់មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់និងបានប្រលងដើមី្បមានឱកាសទៅសិក្សា ក្នុងសាលាបច្ចេកទេសល្បីៗខាងលើរបស់បារាំង។
នេះគឺជាការបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់ និងកំលាំងចលករចាំបាច់ សំរាប់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជាយើង នាយុគ្គសម័យមួយ ដែលបដិវត្តន៍ វិទ្យាសាស្រ្ត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំនិងកីឡា បាននិងកំពុងយកចិត្តទុកដាក់ដោយផ្តល់អទិភាពជាចំបង។
បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពីសហប្រតិបត្តិការនៃគ្រឹះស្ថានទាំងពីររួចមក គណៈប្រតិភូបានអញ្ជើញទស្សនា មជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្ត និងមានការកោតសរសើរចំពោះការរីកចំរើនគួរអោយចាប់អារម្មណ៍របស់សាលាតិចណូ។
គណៈប្រតិភូបានបញ្ចប់ទស្សនកិច្ច ប្រកបដោយជោគជ័យដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការរីកចំរើនឆាប់រហ័ស ផ្នែកធនធានមនុស្សកំរិតបណ្ឌិត និងជាពិសេសការស្រាវជ្រាវរបស់សាលាតិចណូ និងបានសន្យាថានឹងបន្តពង្រីកទំនាក់ទំនងទ្វេភាគី អោយបានកាន់តែប្រសើរ សំរាប់ប្រយោជន៍រួមនៃគ្រឹះស្ថានរបស់យើងទាំងពីរ។ ជំនួបនេះនឹងពង្រឹងកិច្ចសហការបន្ថែមទៀត ក្រោយពីបានចុះអនុស្សារណះយោគយល់ កាលពីឆ្នាំ២០១៤គន្លងទៅលើការស្រាវជ្រាវ ផ្លាស់ប្តូរគ្រូនិងសហការដឹកនាំនិក្ខេបបទនិស្សិតថ្នាក់បណ្ឌិត។ល។ នាពេលខាងមុខ៕