(ប៉ៃលិន)៖ ព្រះចៅអធិការវត្តព្រះនាម ហេង វណ្ណធីរ៏ ជាព្រះចៅអធិការវត្តខ័ណ្ទសីមារាម ហៅវត្តអូរឈើក្រំ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននាំស្រីស្នេហ៍ម៉េម៉ាយកូនមួយម្នាក់ឈ្មោះ រី ដាវី អាយុជាង៣០ ឆ្នាំ មកកុដ្ឋិរបស់ព្រះអង្គ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈពេលដែលប្រជាពលរដ្ឋ និងប្រជាការពារភូមិដឹង ក៏ធ្វើការហាមឃាត់មិនឲ្យចេញពីកុដិ ព្រមទាំងមានការយាមពេញ១យប់។
លុះព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋជាច្រើននាក់ បានមកតវ៉ាសុំឲ្យអាជ្ញាធរខេត្ត ពិសេសមន្ទីរធម្មការ និងសាសនា ព្រមទាំងមន្ត្រីសង្ឃ ចាប់ចៅអធិការវត្តរូបនេះផ្សឹក ព្រមទាំងដេញបក្ខពួកព្រះចៅអធិការអង្គនេះចេញពីវត្តទាំងអស់ផងដែរ។
បើតាមការរៀបរាប់របស់លោក ស្រី សីុថា ជាប្រជាការពារភូមិ ដែលយាមរយៈពេលមួយយប់ បានឲ្យដឹងថា រឿងហេតុពាក់ព័ន្ធនឹងព្រះចៅអធិការវត្តរូបនេះ បានកើតឡើងតាំងពីយូរយារណាស់មកហើយ តែប្រជាពលរដ្ឋ និងប្រជាការពារភូមិចាប់ពុំបានភស្តុតាង ហើយទើបពួកគាត់បានតាមដានរហូតឃើញស្រីស្នេហ៍កំពុងនៅក្នុងកុដិរបស់ព្រះចៅអធិការវត្តរូបនេះតែម្តង ដោយស្ត្រីម្នាក់នោះគឺមានសំលៀកបំពាក់រ៉ូបដេក តែនៅជិតទៀបភ្លឺ គឺត្រូវបានសាច់ញាតិ យកសំលៀកបំពាក់មកឲ្យដើម្បីផ្លាស់ប្តូរចេញ ទើបពួកគាត់ហៅគ្នីគ្នាមកឡោមព័ទ្ធកុដិតែម្តង។
ហើយលុះព្រឹកឡើង ក៏មានប្រជាពលរដ្ឋជាច្រើននាក់ ចង់ស្គាល់មុខស្រីស្នេហ៍ បាននាំគ្នាមកមើល ព្រមទាំងធ្វើការតវ៉ា ដោយសុំឲ្យអាជ្ញាធរ ព្រមទាំងមន្ទីរធម្មការ និងមន្ត្រីសង្ឃទាំងអស់ចាប់ចៅអធិការរូបនេះផ្សឹក និងបណ្តេញចេញពីវត្ត។
បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលមកតវ៉ា បានឲ្យដឹងថា រឿងចៅអធិការវត្តខ័ណ្ទសីមារាម ហៅវត្តអូរឈើក្រំ មានទំនាក់ទំនងស្នេហាជាមួយស្រីស្នេហ៍ឈ្មោះ រី ដាវី នេះមានរយៈពេល ៤ឆ្នាំមកហើយ តែពួកគាត់រកភស្តុតាងមិនបាន ទើបបណ្តោយតាមដំណើរជាចៅអធិការវត្ត មិនដែលឃើញមានភាពរីកចំរើនអ្វីនោះទេ បើទោះបីជាក្នុងមួយឆ្នាំៗ មានពុទ្ធបរិស័ទ្ធទាំងក្នុង និងក្រៅប្រទេស បានចូលបច្ច័យក្នុងការសាងវត្តនេះក្តី ហើយតាមពួកគាត់ដឹងគឺលោកចៅអធិការរូបនេះ បានធ្វើផ្ទះសំណាក់ និងផ្តល់ថវិកាឲ្យស្ត្រីកំណាន់ចិត្តនេះយ៉ាងច្រើនសន្ធឹកសន្ធប់ ព្រមទាំងមានការប្រកាន់បក្ខពួកនិយម។
ពាក់ព័ន្ធករណីខាងលើលោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីខាងលើ លោកស្រីបានចុះមកព្រមទាំងទទួលនូវសំណូមពរពីប្រជាពុទ្ធបរិស័ទ្ធ នូវមួយចំណុចគឺត្រួវដេញចៅអធិការវត្តនេះ ចេញពីវត្ត ចំណែកការឲ្យលោកសឹក ឬមិនសឹក គឺមិនមែនជាកាតកិច្ចរបស់អាជ្ញាធរទេ គឺនៅលើមន្ទីរធម្មការ និងសាសនា ព្រមទាំងគណៈមន្ត្រីសង្ឃជាអ្នកសម្រេច។
ចំណែកលោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានបញ្ជាក់ថស ករណីនេះជាដំបូងគឺស្ត្រីឈ្មោះ រី ដាវី មកវត្តនេះមែន តែមកមើលកូនដែលគ្រោះថា្នក់ចរាចរណ៍ ដោយជិះម៉ូតូបុកគោ ហើយនេះក៏ប្រហែលជាមានមនុស្សចង់ឈ្នានីសលោកផងដែរ បានជាមានរឿងហេតុដ៏ធំនេះ។
លោកប្រធានមន្ទីរ បានបន្តថា ចំពោះករណីដែលប្រជាពុទ្ធបរិស័ទ្ធចង់ឲ្យលោកសឹក វាមិនមែនជាភារកិច្ចរបស់លោកដែលជាប្រធានមន្ទីរនោះទេ គឺនៅគណៈមន្ត្រីសង្ឃជាអ្នកសម្រេច ហើយនៅពេលនេះ លោកក៏បានធ្វើតាមសំណូមពរប្រជាពុទ្ធបរិស័ទ្ធ ដោយឲ្យលោកសង្ឃដែលជាចៅអធិការរូបនេះចេញពីវត្តផងដែរ។
សូមបញ្ជាក់ថា បើតាមប្រជាពលរដ្ឋដែលធ្លាប់ស្គាល់ព្រះអង្គ បានឲ្យដឹងថា លោកសង្ឃអង្គនេះ មុននឹងមកធ្វើជា ចៅអធិការវត្តខ័ណ្ទសីមារាម ហៅវត្តអូរឈើក្រំនេះ គឺលោកធ្លាប់គង់នៅវត្តសារវ័ន្ត ហើយធ្លាប់ជាប់ពាក់ព័ន្ធរឿងស្រីញីនេះម្តងហើយ រហូតស្រ្តីរងគ្រោះធ្វើការប្តឹងផ្តល់ពីបទប្រទូស្ត៏កេរ្តភេទ តែត្រូវបានសម្រួលគ្នា ដោយមិនដឹងសម្រូលយ៉ាងនោះទេ ព្រោះព្រះអង្គនេះមានខ្សែធំ៕