(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទើបទទួលបានមុននេះ​បន្តិចនាថ្ងៃទី១៨ ខែវិច្ឆិកានេះឲ្យដឹងថា ក្រសួងសុខាភិបាលបាន​រកឃើញ​ជំងឺ ZIKA មួយករណីជាលើកដំបូង នៅលើបុរសម្នាក់វ័យ ៤៤ឆ្នាំ រស់នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប៉ុន្តែត្រូវព្យាបាលជាសះស្បើយហើយ បន្ទាប់ពីចូលសម្រាក​នៅមន្ទីរពេទ្យ តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ហើយត្រូវបានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារកឃើញនៅ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ថ្មីៗនេះ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា នេះជាករណីលើកទី១ សម្រាប់ឆ្នាំ២០១៦ និងជាករណីលើកទី៨ ដែលមានវិរុសហ្សីកាវិជ្ជមានចាប់តាំងពីឆ្នាំ២០០៧ នៅក្នុងប្រទេសកម្ពុជា ដោយ៧ករណីដំបូងបាន​រកឃើញក្នុងចន្លោះឆ្នាំ២០០៧ និង ឆ្នាំ២០១០។ ករណីជំងឺ ZIKA លើកទី៨នេះ ត្រូវបានរកឃើញតាមរយៈប្រព័ន្ធតាមដានជំងឺគ្រុនឈាម និងបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕

ព័ត៌មានសូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង៖