(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ បានមកសុំជនរងគ្រោះ២នាក់ប្ដី-ប្រព្ធ ដើម្បីស្នាក់នៅជាមួយទើបតែបានរយះពេលជិត១ខែ ខណៈម្ចាស់ផ្ទះមិននៅ ស្រាប់តែបែកគំនិតលួចគាស់ទូដែក យកខ្សែកមាសទម្ងន់១តម្លឹង ហើយរត់គេចខ្លួន២យប់២ថ្ងៃ តែជាលទ្ធផល ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនវាយខ្នោះ បន្ទាប់ពីជនរងគ្រោះបានប្រទះឃើញ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្សារតូច ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានមកសុំជនរងគ្រោះ២នាក់ប្ដីប្រពន្ធខាងលើ ដើម្បីស្នាក់នៅជាមួយទើបតែបានរយះពេលជិតមួយខែប៉ុណ្ណោះ ព្រោះនៅមុន ពេលកើតហេតុ កាលពីពាក់កណ្ដាលខែវិច្ឆិកា រយះពេល២យប់២ថ្ងៃ ជនសង្ស័យបាត់ខ្លួនរហូតមកដល់ថ្ងៃទី១៨ ទើបបណ្ដាលឲ្យជនរងគ្រោះមានការសង្ស័យ ក៏សម្រេចបើកទូដែកមើលស្រាប់តែឃើញបាត់ខ្សែ-កមាសទម្ងន់១តម្លឹង ។

ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា មកដល់រសៀលថ្ងៃទី១៨ វិច្ឆិកានេះ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធក៏ប្រទះឃើញ ជនសង្ស័យនៅម្ដុំផ្សារតូច ស្ថិតក្នុងសង្កាត់ទួលស ង្កែ ខណ្ឌឫស្សីកែវ ក៏សម្រេចធ្វើការឃាត់ខ្លួនយកមកប្រគល់ ឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀបដើម្បីបន្តការសាកសួរតែម្ដង។  
 
មន្ត្រីនគរបាកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះមោយ ភីរុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងក្រឡឹង ទីកន្លែងកំណើតនៅឯស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមកសុំ ស្នាក់នៅជាមួយជនរងគ្រោះឈ្មោះសុខ យ៉ារិន ភេទស្រី អា យុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ ចំណែកបុរសរងគ្រោះជាប្ដី ឈ្មោះយឹម បូរ៉ា អាយុ៣៣ឆ្នាំ មុខរបរយាមឃ្លាំងម៉ែនសារុន ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួន ជនស ង្ស័យត្រូវបញ្ជូនបន្ត​មកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីស្រាវជ្រាវតាមនិតិវិធី ៕