(ពោធិ៍សាត់)៖ បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញ ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានផឹកស្រាស្រវឹង រួចធ្វើសកម្មភាពចាប់បីក្មេងស្រីរងគ្រោះ ដែលទើបតែមានអាយុ៩ឆ្នាំ បម្រុងនឹងរំលោភ តែមិនបានសម្រេច។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចស្តុកទោល ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីរំលោភសេពសន្ថវៈមួយបានកើតឡើង បង្កដោយជនសង្ស័យឈ្មោះ កែប សុខគា អាយុ៣៨ឆ្នាំ រស់នៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានផឹកស្រាស្រវឹង រួចធ្វើសកម្មភាពចាប់បីក្មេងស្រីរងគ្រោះ ក្នុងគោលបំណងដើម្បីចាប់រំលោភ តែមិនបានសម្រេច។

បើតាមពាក្យសម្តី របស់ក្មេងស្រីរងគ្រោះឈ្មោះ ទ.ស.ម អាយុ៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា នៅថ្ងៃកើតហេតុ នាងកំពុងតែដេកលង់លក់ក្នុងផ្ទះ ស្រាប់តែមានបុរស​ម្នាក់​បាន​លបឡើងលើផ្ទះ រួចចាប់ខ្ទប់មាត់នាងបីទៅទ្រុងមាន់ខាងក្រោយផ្ទះ។ ក្មេងស្រីរងគ្រោះបានបន្តថា ពេលទៅដល់ទ្រុងមាន់ បុរសល្មោភកាមនោះ បានយកដៃខ្ទប់មាត់នាង រួចចាប់ស្រាតខោក្នុង និងសំពត់កៅស៊ូរបស់នាង បម្រុងនឹងរំលោភ តែឈ្មោះ មោង ហាន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យ បានទៅទាន់ក៏យកពូថៅកាប់លើជនសង្ស័យ ត្រូវក្បាល១កន្លែង និងត្រូវខ្មងជើងខាងឆ្វេង១កន្លែង បណ្តាលឲ្យជនសង្ស័យរងរបួសស្រាល។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលស្រុកភ្នំក្រវាញ បានទៅដល់ភ្លាមៗ និងនាំខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕