(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ចូលរួមបិទអង្គសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការពង្រឹង ការអនុវត្តន៍ច្បាប់ ដើម្បីស្រាវជ្រាវ ស៊ើបអង្កេតប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ និងឱសថព្យាបាលជម្ងឺគ្រុនចាញ់ហាមឃាត់។
ពិធីនេះ ត្រូវបានប្រារព្ធនៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ និងមានការចូលរួមពីសិក្ខាកាមចូលរួម ៨៤រូប មានថ្នាក់ស្នងការរង, ប្រធានការិយាល័យ និងអធិការ មកពីខេត្តព្រះសីហនុ តាកែវ កំពត កែបកំពង់ស្ពឺ និងកោះកុង។
លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ានធឿន សំណូមពរដល់សិក្ខាកាម ដូចជាទី១៖ត្រូវខិតខំពង្រឹងការងារតាមដាន និងវាយតម្លៃដើម្បីធានាថា សកម្មភាពអនុវត្ត ការងារកន្លងមក ដើរចំទិសដៅ និងសម្រេចបានជោគជ័យ ក្នុងការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសហការទប់ស្កាត់ ការឆ្លងរាលដាលជម្ងឺគ្រុនចាញ់។ ទី២៖ត្រូវខិតខំបន្តអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងកងកម្លាំនគរបាលសេដ្ឋកិច្ច ដោយបើកវគ្គបណ្តុះបណ្តាល និងបំប៉នជំនាញ រយៈពេលខ្លី-វែង នៅនឹងកន្លែង ទាំងក្នុងប្រព័ន្ធបណ្តុះបណ្តាលជារួម និងបន្តទៅតាមមូលដ្ឋាន។ ទី៣៖ត្រូវលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃការអនុវត្តច្បាប់ បង្កើនការយល់ដឹងដោយធ្វើការផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយ ប្រកាសគោលការណ៍ ផែនការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ត្រូវជម្រុញលើកទឹកចិត្ត និងផ្តល់កិត្តិយស ដល់មន្រ្តីអនុវត្តដែលមានស្នាដៃល្អ តាមគ្រប់មធ្យោបាយដែលអាចធ្វើបាន។ ទី៤៖ត្រូវខិតខំអនុវត្តការងារ ជំនាញស្រាវជ្រាវស៊ើបអង្កេត បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ដោយសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធក្នុងសហគមជាតិ និងអន្តរជាតិ ឈានទៅធ្វើការបង្ក្រាបឲ្យបានទាន់ពេល និងមានប្រសិទ្ធិភាព។ ទី៥៖ត្រូវមានសាមគ្គីភាពល្អក្នុងជួរកងកម្លាំង ក៏ដូចនៅក្នុងអង្គភាពទាំងមូល៕