(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ក្នុងទឹកសុទ្ធដែលមានម៉ាក់ល្បីៗមួយចំនួនមានជាតិអាស៊ីត ដែលពិសារទៅធ្វើឲ្យប៉ះពាល់ដល់គុណភាព លោក ស៊ិន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន កាំកុងត្រូល បានធ្វើសន្និសីទកាសែតមួយ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដើម្បីបកស្រាយពីគុណភាពទឹកសុទ្ធជូនប្រជាពលរដ្ឋឲ្យបានដឹង។
លោក ស៊ិន ស៊ីដេត បានបកស្រាយឲ្យដឹងថា កាំកុងត្រូល បានធ្វើពិសោធន៍ និងវិភាគយ៉ាងច្បាស់លាស់ ទើបបង្ហាញលទ្ធផលនាពេលនេះ។លោកបន្តថា «ទឹកដែលចរាចរណ៍រាល់ថ្ងៃនេះ ច្រកក្នុងដប គឺបានឆ្លងកាត់ការ ត្រួតពិនិត្យ ដោយមន្រ្តីមន្ទីរ ពិសោធន៍ ដូច្នេះមិនចាំមានការព្រួយបារម្ភនោះទេ អ្នកដែលបង្ហាញក្នុងហ្វេសប៊ុកសថា ទឹកសុទ្ធមិនល្អនោះ ប្រហែលជាគាត់មិនទាន់បានយល់ដឹងឲ្យស៊ីជម្រៅពីបច្ចេកទេសក៏ថាបាន»។
លោកសង្កត់ធ្ងន់ថា «អ្នកដែលផ្សព្វផ្សាយថា ទឹកសុទ្ធមិនល្អក្នុងហ្វេសប៊ុកគឺមិនពិតទេ ម្យ៉ាងទៀតដោយសារខ្លាចពលរដ្ឋមានការព្រួយបារម្ភ ដូច្នេះបានជាយើង ធ្វើការផ្សព្វផ្សាយបកស្រាយលទ្ធផលទាំងអស់នេះ ដើម្បីឲ្យប្រជាពលរដ្ឋមានការជឿជាក់លើសមត្ថកិច្ច ជឿជាក់លើការប្រើប្រាស់ទឹកសុទ្ធបន្តទៀត»។
លោកថា ស្តងដារទឹកសុទ្ធ ដែលមានគុណភាពល្អ ហើយឆ្ងាញ់គឺស្ថិត នៅក្នុងចន្លោះ PH ៦កន្លះ រហូតដល់៨កន្លះ ហើយទឹកមានតម្លៃថ្លៃ ឬថោក ប្រែប្រួលទៅតាមគុណភាពដែលទាក់ទងទៅនឹងការរចនាសំបកវេចខ្ចប់ PH គឺជាប៉ារ៉ាម៉ែត្រមួយក្នុងប៉ារ៉ាម៉ែត្រជាច្រើនសម្រាប់វិភាគដើម្បីវាយតម្លៃសុវត្ថិភាព ទឹកបរិសុទ្ធ។
ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន កាំកុងត្រូលដដែលបានបន្ថែមថា PH មិនមែនជាតម្លៃមួយ ដែលកំណត់ពីសុវត្ថិភាពធ្វើឲ្យ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទេ អ្វីដែលប៉ះពាល់ខ្លាំងដល់ អ្នកប្រើប្រាស់ គឺទឹកមានចម្លងមេរោគ ទឹកមានសំណល់ថ្នាំពលកសិកម្ម ទឹកបន្សល់នូវលោហៈធ្ងន់អាសេនិកជាដើម។
លោកថា «ចឹងកុំព្រួយបារម្ភថា PH ទាបរបស់ទឹក ឬក៏ PHខ្ពស់ជាងស្តង់ដារហ្នឹង ប៉ះពាល់សុខភាពអត់មាន ប៉ះពាល់សុខភាពអីទេ គ្រាន់តែធ្វើឲ្យមានការប្រែប្រួលរស់ជាតិ ដែលយើងអត់ចង់បានប៉ុន្នឹង»។
សូមបញ្ជាក់ថា នាពេលថ្មីនេះ មានស្ត្រីម្នាក់ បានបង្ហោះវីដេអូ នៅលើបណ្តាញសង្គម Facebook ដោយបង្ហាញពីការធ្វើពិសោធន៍លើម៉ាកទឹកសុទ្ធមួយចំនួន នៅកម្ពុជា ក្រោយមានបការបទពិសោធន៍នៅក្នុងវីដេអូនោះ ស្រ្តីដដែលបានបញ្ជាក់ដោយបាន ផ្សព្វផ្សាយពីទឹកសុទ្ធទាំងនោះថា មានជាអាស៊ីត ដែលបរិភោគ ទៅប៉ះពាល់សុខភាពធ្ងន់ធ្ងរ ហើយបានធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង៕