(កំពង់ធំ)៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដឹកនាំអាជ្ញាធរស្រុកសន្ទុក និងប្រធានអង្គភាពជំនាញពាក់ព័ន្ធចុះពិនិត្យដី ក្នុងតំបន់រម្យនីយដ្ឋានភ្នំសន្ទុក ភ្នំស្រះខ្ចៅ និងភ្នំពែនជុំ ដើម្បីរៀបចំការថែរក្សា និងការពារធនធានធម្មជាតិ បរិស្ថានដើម្បីទប់ស្កាត់ការរុករានពីប្រជាពលរដ្ឋ។

ក្រោយធ្វើដំណើរត្រួតពិនិត្យនៅតំបន់ភ្នំចំនួនបីគឺ ភ្នំសន្ទុក ភ្នំស្រះខ្ចៅ និងភ្នំពែនជុំដែលស្ថិតនៅក្នុងឃុំចុំនួនបួនគឺ ឃុំកកោះ ឃុំទីពោធិ ឃុំត្បូងក្រពើ និងឃុំជ្រាប់ រួចមក លោកអភិបាលខេត្តបាន​ថ្លែងថា តំបន់នេះចែកចេញជាបី គឺ តំបន់ស្នូលតំបន់ទ្រនាប់ និងតំបន់រណប។ តំបន់ទាំងនេះមានលក្ខណៈដាច់ដោយឡែកពីគ្នា គឺការអាស្រ័យផលរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈខុសគ្នា ដែលធ្វើឲ្យយើង​មានការចាប់អារម្មណ៍ និងអភិរក្ស។

លោកបានបន្តថា ទោះបីជាមានការរុករានពីប្រជាពលរដ្ឋក៏ដោយ ក៏តំបន់នេះមិនទាន់ហួសពេលនៅឡើយទេ ដោយសារព្រៃធម្មជាតិរក្សានូវភាពដើមច្រើន ការដាំដើមឈើនៅតាមចង្កេះភ្នំ​របស់ប្រជាពល​រដ្ឋមិនទាន់​មានការរុករានដល់លើភ្នំ នៅតំបន់ស្នូលមានដើមឈើដុះល្អៗមានថ្មដែលមានលក្ខណៈធម្មជាតិ សំណង់ អាស្រមនៅមិនទាន់មានលក្ខណៈរឹង​មាំនៅឡើយ។ លោកបន្ថែមទៀតថា យើងនឹងរួម​សហការគ្នា ដើម្បីរិះរកវិធីសាស្រ្តដែល​មានភាពល្អប្រសើរសម្រាប់​គ្រប់គ្រងរម្យនីយ​ដ្ឋាន​ប្រវត្តិសាស្រ្តទាំងនេះ ហើយការគ្រប់គ្រងក៏​មិនមែននូវតែរក្សា​ភាពដើម​ទាំងអស់ដែរ គឺយើងនឹងឈាន​ទៅរកការ​ប្រែប្រួល​ដី ដែលប្រជាពល​រដ្ឋរុករាន​កន្លងមកនោះឲ្យមានប្រយោជន៍ឡើងវិញ អ្វីដែលមានលក្ខណៈដើមត្រូវឲ្យមានប្រសិទិ្ធភាពកុំឲមានការប៉ះពាល់តទៅទៀត ប្រជាពលរដ្ឋដែលប្រើប្រាស់ដី​ហើយត្រូវធ្វើ​បច្ចុប្បន្ន​ភាពដើម្បីអប់រំអំពី​ការប្រើប្រាស់និ​ងស្វែង​យល់ពីផលប្រយោជន៍​របស់ពួកគាត់។

លោកបានសង្កត់ធ្ងន់ថា ការអភិរក្សនេះគឺដើម្បី ឲ្យមានភាពគង់វង្សនៃកេរ្តិ៍​ដំណែលប្រវត្តិសាស្រ្ត និងធម្មជាតិរបស់តួភ្នំមិនឲ្យ​មាន​ការសឹករិចរិល រក្សាទុកនូវធនធាននេះ​ទៅ​ថ្ងៃអនាគត​ដើម្បី​មានភាពទាក់​ទាញ​ភ្ញៀវទេសចរណ៍​ពោល​ដើម្បីអភិវឌ្ឍន៍នឹងឈាន​ដល់ការវិនិយោគក្លាយជាគោលដៅ​ទេសចរណ៍ធម្មជាតិ គួបផ្សំនិងការកែច្នៃ សហគមន៍ដែលនៅជុំវិញ​ឲ្យពួកគាត់ទទួលបាន​ផលតាមរយៈការដាំដុះ និងការលក់វត្ថុធាតុដើម​ដែលមានក្នុងមូលដ្ឋាន ហើយលក្ខណៈសំខាន់គឺឲ្យប្រជាពលរដ្ឋយល់​ដឹងពីការថែរក្សានូវ​រម្យនីយដ្ឋាន​ទាំងអស់នេះ៕