(ប៉ៃលិន)៖ លោកស្រី គង់ ស្ដី កើតសុធា ភរិយាលោក កើត សុធា អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៦នេះ នាំអំណោយរបស់សប្បុរសជនខ្មែរ នៅអាមេរិក ចែកជូនពលរដ្ឋក្រីក្រី ក្នុងសង្កាត់ទួលល្វាចំនួន១០៥គ្រួសារ។ ពិធីនេះ ត្រូវបានធ្វើឡើង នៅវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដីផងដែរ។
តំណាងសប្បុរសជនខ្មែរ មកពីសហរដ្ឋអាមេរិក បានឲ្យដឹងថា អំណោយស្បៀងដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភរបស់សប្បរសជនខ្មែររស់នៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត។
លោកស្រី គង់ ស្តី កើតសុធា បានថ្លែងថា ថា្នក់ដឹកនាំខេត្តប៉ៃលិន គឺបានបើកទូលាយដល់ សប្បុរសជនជាតិ-អន្តរជាតិ និងអង្គការនានា ដើម្បីជួយដល់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតស្បៀងអាហារ ជាក់ស្តែងអំណោយសប្បុរសធម៌របស់បងប្អូនខ្មែរនៅក្រៅប្រទេស ពេលនេះពិតជាបានរួមចំណែក និងឆ្លើយតមទៅនឹងការខ្វះខាតស្បៀងរបស់ប្រជាពលរដ្ឋ ព្រោះថាផលដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ រងផលបះពាល់ខ្លាំង ដោយសារតម្លៃទីផ្សាធ្លាក់ចុះ។ ទន្ទឹមនេះថ្នាក់ដឹកនាំខេត្ត ក៏បានខិតខំរកទីផ្សាលក់កសិផល របស់បងប្អូនប្រជាពលរដ្ឋឲ្យមានតម្លៃខ្ពស់ ដោះស្រាយជីវភាពអោយធូរធាឡើង។
លោកស្រី បានថ្លែងអំណគុណដល់សប្បុរសជនខ្មែររស់នៅ ក្រៅប្រទេស ដែលបានផ្តល់អំណោយស្បៀងជូនដល់ប្រជាពល រដ្ឋពេលនេះ គឺបានបង្ហាញពីទឹកចិត្ត ស្រឡាញ់រាប់អាន និងសាមគ្គីគ្នារវាងខ្មែរ និងខ្មែរ។
បន្ថែមពីនេះ លោកស្រី បានក៏បានផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខិតខំបង្កបង្កើនផលដាំដំណាំចំរុះ ឲ្យអស់លទ្ធភាពដែលខ្លួន មាន ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ដោះស្រាយជីវភាពក្នុងគ្រួសារឲ្យបានធូរធាឡើងជាលំដាប់ ជាពិសេសបងប្អូនត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ កូនចៅឲ្យបានល្អ រស់នៅស្អាត ហូប ស្អាត ផឹកស្អាតជានិច្ច។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្វះខាតស្បៀងទាំង១០៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ១៥គីឡូក្រាម សារុង១ ក្រមា១ អាវ១ ថ្នាំពេទ្យ និងថវិកា២៥,០០០រៀល ផងដែរ៕