(ភ្នំពេញ)៖ ក្រុមហ៊ុន Minebea របស់ជប៉ុន បានបង្ហាញគំរោងរបស់ខ្លួន ដោយវិនិយោគនៅទឹកប្រាក់ជាង១០០លានដុល្លារបន្ថែមទៀត ដើម្បីពង្រីករោងចក្រអេឡិចត្រូនិច នៅកម្ពុជា បន្ទាប់ពីបើកក្រុមហ៊ុននៅកម្ពុជា តាំងតែពីឆ្នាំ២០១១មក។
ការបង្ហាញពីគំរោងនេះធ្វើឡើង ក្នុងជំនួបពិភាក្សារវាង លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងលោក Tetsu SHIOZAKI អគ្គនាយករងរបស់ក្រុមហ៊ុន Minebea នៅថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ២០១៦ ។
បើយោងតាម Facebook ផ្លូវការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅក្នុងជំនួបនោះ លោក SHIOZAKI មានបំណងចង់អញ្ជើញលោក ទី នរិន្ទ ចូលរួមក្នុងកម្មវិធីខួបឆ្នាំទី៥ នៃស្ថាបនារោងចក្រអេឡិចត្រូចនិច Minebea។
លោក SHIOZAKI បានបញ្ជាក់ថា ក្រុមហ៊ុន Minebea គ្រោងនឹងបន្ថែមទុនស្មើនឹងទឹកប្រាក់ជាង១០០លានដុល្លារទៀត ដើម្បីពង្រីករោងចក្រអគ្គិសនី និងអេឡិចត្រូនិចនៅកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន Minebea របស់ជប៉ុន គឺជាក្រុមហ៊ុនផលិតបរិក្ខាអេឡិចត្រូនិចដ៏ធំមួយប្រចាំកម្ពុជា បានដាក់ទុនបង្កើតរោងចក្រផលិតគ្រឿងបរិក្ខាអេឡិចត្រូនិច ក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាំងពីឆ្នាំ ២០១១ មកម្ល៉េះ៕