(ភ្នំពេញ)៖ មានមិត្តអ្នកអានមួយក្រុមដែលចាញ់បោក អ្នកលក់សាច់សត្វនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ហួសថ្នល់កែងបន្តិចស្ថិត ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បាននាំគ្នាថតរូបការតាំងលក់សាច់សត្វទាំងអស់នោះ ផ្ដល់មកអោយ Fresh News ជួយផ្សាយ ដើម្បីទុកជាការជូនដំណឹងដើម្បីកុំអោយ មានអ្នកចាញ់បោកតទៅទៀត ខណៈរូបគាត់ឈប់ទិញខ្លា ត្រី២ក្បាលដែលគេធ្វើហើយចងព្យួរ លក់ក្នុងបំណងយកមកស្លម្ជូរគ្រឿង តែពេលយកមកដល់ផ្ទះពិនិត្យល្អិតល្អន់ទៅ ទើបដឹងថាវាមិនមែនជាខ្លាត្រីនោះទេ តាមពិតវាជា សត្វឆ្មាអ្នកស្រុកចិញ្ចឹមសោះ។
តាមការរៀបរាប់ពីប្រិយមិត្តរបស់ Fresh News បានអោយដឹងថាសត្វដែលគេធ្វើព្យួរលក់ នៅតាមដងផ្លូវជាតិលេខ៦ ក្បែរស្ពានត្រោះ នោះ មានសត្វស្លាប ប្រភេទសត្វព្រៃតិចតួចប៉ុណ្ណោះ ក្រៅពីនោះគឺជាសត្វស្រុកបន្លំធ្វើសត្វព្រៃទាំងអស់ ហើយអ្វីដែលហួសចិត្តនោះ គឺអ្នកលក់ហ៊ានសំលាប់សត្វឆ្មាចិញ្ចឹម តាមផ្ទះបោចរោមយកមកលក់ អោយអតិថិជនបន្លំធ្វើជាសត្វខ្លាត្រី ថែមទៀតផង។
មិត្តអ្នកអាន បានបន្ថែមថាសត្វស្រុកដែលគេចូលចិត្ត យកមកបន្លំធ្វើជាសត្វព្រៃ លក់កោលុយអតិថិជននោះរួមមាន កូនទាជំទង់គេបន្លំធ្វើជាទាព្រៃ កូនគ្រួចចិញ្ចឹម គេបន្លំធ្វើជាសត្វគ្រួចព្រៃ និងសត្វឆ្មាស្រុកគេបន្លំធ្វើជាសត្វខ្លាត្រីជាដើម។
ក្នុងការបន្លំនេះដើម្បីកុំអោយអតិថិជន ដឹងគឺអ្នកលក់បានយក ហ្គាសកំប៉ុងមកបញ្ឆេះភ្លើងរួចបាញ់រោល ទៅលើសាច់សត្វអោយឆេះរោម និងរោលស្បែក រាងពណ៌ខ្មៅកុំអោយ អ្នកទិញមានការសង្ស័យថែមទៀតផង។ តាមការសាកសួរទៅលើអ្នកលក់ពី មូលហេតុនៃការក្លែងបន្លំខាងលើនេះ ត្រូវបានពួកគេឆ្លើយត្រឡប់ មកវិញថាបើមិនបន្លំអញ្ចឹងទេ គឺលក់មិនដាច់ និងលក់មិនបានថ្លៃឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយចង់ ទិញសត្វព្រៃនៅទីនោះ ប្រយ័ត្នចាញ់បោកអ្នកលក់៕
សត្វស្រុកដែលរួមមាន ឆ្មា, ទា និងគ្រួចចិញ្ចឹមត្រូវអ្នកលក់បន្លំថា ជាខ្លាត្រី ជាទាព្រៃ និងជាគ្រួចព្រៃ
អ្នកចូលចិត្តទិញសត្វព្រៃនៅម្ដុំហួសថ្នល់កែង ប្រយ័ត្នទិញខ្លាត្រី ប៉ះឆ្មាស្រុក ទិញគ្រួចព្រៃ ប៉ះកូនគ្រួចចិញ្ចឹម.!