(ភ្នំពេញ)៖ លោក ងន សំាង នាយកប្រតិបត្ដិក្រុមហ៊ុន RMA Cambodia បានថ្លែងថា «ក្រុមហ៊ុន RMA Cambodia និង Ford Cambodia មានទស្សនវិស័យមួយ ដែលក្រុមហ៊ុនយើងមិនត្រឹមតែផ្ដោត ទៅលើអាជីវកម្មតែប៉ុណ្ណោះទេ តែយើងក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តាមរយៈសកម្មភាពផ្សេងៗជាច្រើន ដែលយើងធ្លាប់តែបានធ្វើកន្លងមក រួមទាំងវិស័យកីឡាផងដែរ»។
លោកបានលើកឡើងបែបនេះ ក្នុងសនិ្នសីទកាសែត ស្ដីពីព្រឹត្ដិការណ៍ ប្រកួតកីឡាទោចក្រយាន «ជិះកង់ ដើម្បីទាំងអស់គ្នា ឆ្នាំ២០១៦» ដែលប្រព្រឹត្ដទៅនៅអគារ តាំងបង្ហាញ រថយន្ដ Ford ដែលមានទីតាំងនៅតាមបណ្ដាយផ្លូវ ព្រះមុនីវង្ស ដែលចូលរួមដោយដោយលោក នុត សាអាន ប្រធានសហព័ន្ធខ្មែរ កីឡាករទោចក្រយាន, លោក ញឹម ខេមរា អនុប្រធានសហព័ន្ធខ្មែរ កីឡាទោចក្រយាន លោក អ៊ុង សិទ្ធជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និងកីឡា និងលោក ប៉េក គីមស្រ៊ាង អគ្គនាយក្រុមហ៊ុន G Pas De`cor and advertising Co.,Ltd នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកបន្ដថា ជាក់ស្ដែងក្នុងព្រឹត្ដិការណ៍ ប្រកួតកីឡាទោចក្រយាន «ជិះកង់ដើម្បីអ្នកទាំងអស់គ្នា ឆ្នាំ២០១៦» នេះ ក្រុមហ៊ុនយើង បានឧបត្ដម្ភ នូវអាវ មួក និងរថយន្ដ Ford សម្រាប់ដឹកកីឡករ-ការីនី ផងដែរ។
លោកបន្ដថា «ក្រុមហ៊ុន RMA Cambodia និង Ford Cambodia បានសហការជាមួយសហព័ន្ធកីឡាទោចក្រយាន រៀបចំនូវកម្មវិធីនេះឡើង ក្នុងគោលបំណងពង្រីកនូវសមត្ថភាពកីឡាករ-ការីនី រក្សាកម្លាំងកំជាណត់ និងល្បឿនឋេរ តាមរយៈការជិះប្រណាំងផ្លូវឆ្ងាយ ឲ្យទទួលបានអារម្មណ៍ជាធម្មតា ដើម្បីផ្ដល់នូវបទពិសោធន៍ល្អៗ ក្នុងការត្រៀមខ្លួនប្រកួតខ្នាតអន្ដរជាតិ»។
លោក ញឹម ខេមរា បានថ្លែងផងដែរថា សហព័ន្ធកីឡាទោចក្រយាន បានសម្រេចដាក់ចេញនូវវិញ្ញាសារពីរក្នុងការជិះកង់ រួមមានវិញ្ញាសារកង់ប្រណាំងផ្លូវរាប ដែលមានការចូលរួមពី អត្ដពលិកផ្នែកជើងឯក (ចម្ងាយផ្លូវប្រណាំង១១០គីឡូម៉ែត្រ) ក្រុមថ្នាល ក្រុមវ័យចំណាស់ និងក្រុមនារី (ចម្ងាយផ្លូវប្រណាំង៥២គីឡូម៉ែត្រ)និងវិញ្ញាសារកង់ប្រណាំងផ្លូវភ្នំ ដែលមានការចូលរួម ពីកីឡាករ-ការីនីទាំងពីរភេទ (ចម្ងាយផ្លូវប្រណាំងចំនួន ៥០គីឡូម៉ែត្រ) នៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ កាត់ផ្លូវជាតិ លេខ៦A ហើយការប្រលងប្រណាំងនេះ មានការចូលរួមដោយកីឡាករ-ការីនីចំនួនប្រមាណ ៣០០នាក់ ក្នុងនោះ នារី៣០នាក់ និងបុរស ២៧០នាក់។
គួរបញ្ជាក់ថា ព្រឹត្ដិការណ៍ប្រកួតកីឡាទោចក្រយាន មានការឧបត្ដម្ភធំ ពីក្រុមហ៊ុនRMA Cambodia និងFord Cambodia និងសហការឧបត្ថម្ភដោយក្រុមហ៊ុន G Pas De`cor and Advertising Co.,Ltd និងក្រុមហ៊ុនPizza Company ហើយក៏មានការចូលរួមចំណែករៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា និសសហព័ន្ធខ្មែរកីឡាទោចក្រយានផងដែរ៕