(សៀមរាប)៖ ប្រាសាទតាកែវកំពុងត្រូវបានអភិរក្សជួសជុល ដោយក្រុមរដ្ឋាភិបាលចិន​ សម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA តាំងពីឆ្នាំ២០០៧មក ហើយនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីជំនាញជាច្រើនរូប បាន​ចុះទៅពិនិត្យការដ្ឋានផ្ទាល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានភាពជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នCSA នៃប្រទេសចិន។

​ក្នុងដំណើរចុះពិនិត្យការដ្ឋាននេះ លោកអគ្គនាយក និងមន្ត្រីជំនាញទាំងអស់ បានស្តាប់បទបង្ហាញពីក្រុមអ្នកជំនាញចិន ដែលបង្ហាញអំពីបច្ចេកទេសជួសជុល ដំណើរការជួសជុល និងសម្ភារៈដែលប្រើប្រាស់សម្រាប់ការងារជួសជុលជាដើម ហើយការចុះពិនិត្យនេះ ក៏ដើម្បីជំរុញក្រុមការងារជួសជុលគោរព ទៅតាមធម្មនុញ្ញ​អង្គរ និងអនុសាសន៍ផ្សេងៗ ពីក្រុមជំនាញ នៃគណៈកម្មាធិការ ICC-Angkor។

លោកអគ្គនាយក ក៏បានថ្លែងអំណរគុណ ដល់ស្ថាប័នCSA និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងគោលដៅអភិរក្សជួសជុលប្រាង្គប្រាសាទ នានាក្នុងតំបន់អង្គរ ដើម្បីជាកេរ្ដិ៍ដំណែលដ៏គង់វង្សសម្រាប់មនុស្សគ្រប់ជំនាន់។ ក្រៅពីនេះ លោកអគ្គនាយក និងក្រុមការងារ ក៏បានចុះទៅពិនិត្យការងារផ្សេងៗ នៅប្រាសាទចៅសាយទេវតា ប្រាសាទតានៃ និងការដ្ឋានបណ្តុះកូនឈើជាដើម។

​សូមបញ្ជាក់ថាស្ថាប័ន CSA នៃសាធារណរដ្ឋមានិតចិន បានចូលរួមជួសជុលប្រាសាទចៅសាយទេវតា ក្នុងឆ្នាំ១៩៩៨ និងរួចរាល់នៅឆ្នាំ២០០៨ រីឯការជួសជុលប្រាសាតាកែវចាប់ផ្តើម នៅឆ្នាំ២០០៧ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧ខាងមុខ៕