(ហ្វីលីពីន)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានជួបពិភាក្សាការងារជាមួយលោក Lee Seung-ho អនុរដ្ឋមន្រ្តីដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។
ជំនួបពិភាក្សានេះ បានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការ នាពេលអនាគតរវាងកម្ពុជា និងកូរ៉េក្នុងវិស័យសាធារណការនិងដឹកជញ្ជូន។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រជាបន្តរបស់ខ្លួន ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានស្នើសុំការគាំទ្រពីប្រទេសកូរ៉េ ដើម្បីជួយកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងដល់ការដឹកជញ្ជូនផ្លូវទឹក ការដឹកជញ្ជូនផ្លូវគោក និងការដឹកជញ្ជូនផ្លូវអាកាសរបស់ខ្លួន។
លោកទេសរដ្ឋមន្ត្រី បានស្នើសុំជំនួយពីប្រទេសកូរ៉េ ធ្វើការសិក្សាលទ្ធភាពនៃការកំណត់តំបន់កំពង់ផែ ដើម្បីផ្តល់ព័ត៌មានគ្រប់គ្រាន់ ដល់វិនិយោគិនដែលមានបំណងចង់ ធ្វើការវិនិយោគ នៅក្នុងវិស័យកំពង់ផែ។
ទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់វិញ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឱ្យប្រទេសកូរ៉េខាងត្បូង ផ្តល់នូវឧបករណ៍ថែទាំជួសជុលផ្លូវថ្នល់ ដើម្បីធ្វើឱ្យប្រសើរឡើង ដល់ការថែទាំជួសជុលផ្លូវថ្នល់ និងការសាងសង់នៅកម្ពុជា។
ជាការឆ្លើយតប លោក Lee បានស្វាគមន៍ចំពោះសំណើរបស់កម្ពុជា ហើយថាលោកនឹងផ្តល់ព័ត៌មាននេះ ទៅក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញគណៈប្រតិភូកូរ៉េ ឱ្យមកបំពេញទស្សនកិច្ច និងស្វែងយល់អំពីកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ និងដើម្បីវាយតម្លៃអំពីកាលានុវត្តភាព ពាណិជ្ជកម្មនិងការវិនិយោគ ដ៏ទូលំទូលាយនៅក្នុងប្រទេសនេះ៕