(ហ្វីលីពីន)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានជួបពិភាក្សាការងារជាមួយលោក Dai Dongchang អនុរដ្ឋមន្រ្តីដឹកជញ្ជូនចិន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីមធ្យោបាយ នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសកម្ពុជា និងប្រទេសចិន។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
លោកទេសរដ្ឋមន្រ្តី បានស្នើសុំការគាំទ្រពីលោក Dai ដើម្បីជួយដល់សាជីវកម្មស្ពានថ្នល់ និងការខ្ចីឥណទានសម្បទាន ពីធនាគារហរណអហរណចិន សម្រាប់ការសាងសង់ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីតម្រូវការនៃការធ្វើឱ្យប្រសើរឡើង ដល់ការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនតាមផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវអាកាស និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។
លោកអនុរដ្ឋមន្រ្តី Dai បានសម្តែងនូវការកោតសរសើររបស់ខ្លួន ចំពោះកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រទាំងទ្វេភាគី ទាំងអន្តរជាតិដល់ប្រទេសចិន និងចាត់ទុកចិនថាជាមិត្តដ៏ល្អនិងជិតស្និទ្ធបំផុត។ ជាការឆ្លើយតបទៅនឹងសំណើនេះ លោកអនុរដ្ឋមន្ដ្រី បានសន្យាថា នឹងរក្សានូវកិច្ចសហប្រតិបត្តិការដ៏ល្អនេះរវាងប្រទេសទាំងពីរ ហើយថានឹងបញ្ជូនសំណើទាំងអស់ទៅក្រសួង និងអាជ្ញាធរពាក់ព័ន្ធដើម្បីជួយដល់កម្ពុជា តាមដែលអាចធ្វើទៅបាន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញលោកអនុរដ្ឋមន្រ្តី និងគណៈប្រតិភូរបស់ខ្លួន មកបំពេញទស្សនកិច្ច និងស្វែងយល់អំពីកម្ពុជា និងវាយតម្លៃពីកាលានុវត្តភាព ពាណិជ្ជកម្ម និងការវិនិយោគទូលំទូលាយ នៅក្នុងប្រទេសនេះ៕