(ហ្វីលីពីន)៖ នៅថ្ងៃទី​១៨​ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ច ប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៤ នៅទីក្រុងម៉ានីល​ ប្រទេសហ្វីលីពីន។

សហដឹកនាំនៃកិច្ចប្រជុំ រួមមាន លោក Felipe A. Judan អនុរដ្ឋមន្រ្តីដឹកជញ្ជូនហ្វីលីពីន និងលោក Ryosei Tanaka រដ្ឋមន្រ្តីដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។

រដ្ឋមន្រ្តីដែលបានចូលរួមទាំងអស់ បានកត់សម្គាល់វឌ្ឍនភាព នៃភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន និងបានឯកភាព លើគំនិតផ្តួចផ្តើមថ្មី ស្ថិតក្រោមភាពជាដៃគូ ដឹកជញ្ជូនអាស៊ាន-ជប៉ុន ដែលនឹងត្រូវអនុវត្តនៅឆ្នាំ២០១៧។

រដ្ឋមន្រ្តីអាស៊ានបានស្វាគមន៍ សេចក្តីប្រកាសរបស់ជប៉ុនគាំទ្រ ដល់សកម្មភាពនានា ដោយផ្អែកលើ ផែនការយុទ្ធសាស្រ្ត ដឹកជញ្ជូនគូឡាឡាំពួរ ២០១៦-២០២៥ នៅក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក ផ្លូវសមុទ្រ ការដឹកជញ្ជូនប្រកបដោយចេរភាព និងការសម្រួលការដឹកជញ្ជូន តាមរយៈគម្រោង និងសកម្មភាព ដែលស្ថិតក្រោមភាពជាដៃគូ ដឹកជញ្ជូនអាស៊ាន-ជប៉ុន ដែលមានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

រដ្ឋមន្រ្តីដែលចូលរួមទាំងអស់ បានគាំទ្រទស្សនទាន នៃការអនុវត្តគំរូអាស៊ាន សម្រាប់កម្មវិធីបណ្តុះបណ្តាលសវនកម្ម និងកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសន្តិសុខលំហរសមុទ្រ។

រដ្ឋមន្រ្តីដែលចូលរួមទាំងអស់ ក៍បានអនុម័ត ផែនការការងារ AJTP ២០១៦-២០១៧ ដែលនឹងធ្វើឱ្យប្រសើរឡើងថែមទៀត «ការដឹកជញ្ជូនប្រកបដោយគុណភាព» នៅក្នុងអាស៊ាន។

រដ្ឋមន្រ្តីបានកត់សម្គាល់ថា ផែន​ការ​ការងារនេះ បានដាក់បញ្ចូលនូវគំនិតផ្តួចផ្តើមថ្មី រួមមាន៖ «ការអនុវត្តផែនការសកម្មភាពអាស៊ាន-ជប៉ុនថ្មី ស្តីពីបរិស្ថាននៅក្នុង វិស័យដឹកជញ្ជូន», «គម្រោងលើកទឹកចិត្ត ដល់ការប្រើប្រាស់ នាវាមិនបំពុលបរិស្ថានក្នុងតំបន់អាស៊ាន», «ការអនុវត្តចក្ខុវិស័យភស្តុភាកម្ម​បៃតង និងផែន​ការសកម្មភាព» និង «ផែនការសកម្មភាពតំបន់ថ្មី ស្តីពីសន្ដិសុខកំពង់ផែ ដែលស្ថិតក្រោមកម្មវិធីសន្តិសុខដឹកជញ្ជូនផ្លូវសមុទ្រអាស៊ាន-ជប៉ុន»