នាយរងការិយាល័យគ្រឿងញៀន ខេត្តមណ្ឌលគិរីម្នាក់ បាត់ខ្លួនមួយថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់ ដោយជាន់អន្ទាក់ឆក់សត្វ
18-11-2016 14:33
(មណ្ឌលគិរី)៖ នាយរងការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីម្នាក់ ឈ្មោះ ឆន សឿន ពាក់ស័ក្ដ៤ បានបាត់ខ្លួននៅក្នុងព្រៃមួយយប់ ស្រាប់តែប្រទះឃើញដេកស្លាប់នៅក្នុងព្រៃ ដោយសារតែដើរជាន់អន្ទាក់ឆក់សត្វស្លាប់។
ហេតុការណ៍ប្រទះឃើញនេះ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក យ៉ាន់ សាណី នាយប៉ុស្តិ៍រដ្ឋបាលឃុំពូជ្រៃ បានឲ្យដឹងថា ជុំវិញករណី ស្លាប់របស់មន្រ្តីនគរបាល នៅក្នុងព្រៃនោះលោកថា ពុំទាន់បានសួរនាំឲ្យលំអិតនោះទេ ដោយសារក្រុមគ្រួសារកំពុងមានទុក្ខ។
ប៉ុន្តែប្រភព បានបង្ហើបប្រាប់ថា មុនពេលកើតហេតុកាលពីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា មន្រ្តីនគរបាលរូបនោះ បានទៅឆ្លុះសត្វព្រៃ ក្នុងព្រៃក្រោយភូមិ គ្រាដែលដើរឆ្លុះនៅក្នុងព្រៃជ្រៅយប់ងងិតផង ក៏ជាន់ប៉ះចំអន្ទាក់ឆក់ដែលអ្នករាយសម្រាប់ដាក់សត្វព្រៃឆក់ស្លាប់ នៅកណ្តាលព្រៃតែម្តងទៅ។ បច្ចុប្បន្នក្រុមគ្រួសារ និងសាច់ញាតិសពកំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕