(ភ្នំពេញ)៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌណោធិ៍សែនជ័យ បានចាប់ខ្លួន ព្រមទាំងដកហូតបានថ្នាំ ញៀនចំនួន៥កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការបង្ក្រាបជនជួញដូរគ្រឿងញៀន បានធ្វើឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ខុម អ៊ីម អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងភូមិគល់ សង្កាត់កន្ទោក ទី២ឈ្មោះ ប៉ា វិបុល អាយុ១៨ឆ្នាំ ស្នាក់នៅក្នុង​ភូមិព្រៃបឹង សង្កាត់កន្ទោក និងទី៣ឈ្មោះស្រី យ៉ា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក និងស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងទួល សង្កាត់កំបូល។

នៅមុនពេលកើតហេតុ នគរបាល បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន កំពុងចេញធ្វើសកម្មភាព ខណៈនោះកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍​សែនជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កន្ទោក និងកំបូលចុះទៅ បង្ក្រាបនិងចាប់ខ្លូនបានជាបន្តបន្ទាប់តែម្ដង៕