(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ខណៈកំពុងល្បាតតាមមូលដ្នាន ក៏ចាប់ខ្លួនជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៧ នៅពេលដែលជនសង្ស័យរូបនេះ បានធ្វើសកម្មភាពឆក់កាបូប ប្រជាពលរដ្ឋតាមដងផ្លូវ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២១៥ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ហើយក៏ទើបតែចេញមកពីគុកផងដែរ។ ជនសង្ស័យមានឈ្មោះ សុំចាន់ រស្មី អាយុ៣២ឆ្នាំ ស្នាក់នៅមុខរបរមិនពិតប្រាកដ។

ចំណែកជនរងគ្រោះឈ្មោះ សុខ រដ្ននា ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៥ ម្ដុំផ្លូវដួងហែមលេខ១៣២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យ និងម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី។ ចំណែកការបូបរបស់ជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅម្ចាស់ដើមវិញផងដែរ៕