(ស្វាយរៀង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកជាថ្មី អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវទប់ស្កាត់ ឲ្យបាននូវការលក់ ឬជួលដីទៅឲ្យប្រជាជនវៀតណាម។

ការក្រើនរំលឹកជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ខណៈសម្តេចតេជោបានជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៦នេះ។ សម្ដេចតេជោ ហ៊ុន សែន​ បានបន្ថែមទៀតថា គ្រប់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋកម្ពុជា ត្រូវខិតខំរក្សាទំនាក់ទំនងឲ្យបានល្អជាមួយប្រទេសវៀតណាម ដោយខេត្តស្វាយរៀងគឺជាខេត្តដែលមាន ព្រំប្រទល់ជាប់វៀតណាម ដែលត្រូវពឹង ផ្អែកគ្នាទៅវិញទៅមក។ លើសពីនេះត្រូវពិនិត្យមើលលទ្ធភាពដីរបស់ខេត្តជាក់ស្ដែងដើម្បីរៀបចំឲ្យបងប្អូនប៉ូលិស ឬយោធាការពារព្រំដែន ដែលពុំមានដី ដើម្បីទទួល បានដីសម្រាប់រស់នៅនិងប្រកបរបរកសិកម្មនៅតំបន់ព្រំដែនតែម្ដង។

ក្រៅពីការលើកឡើងនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសកងកម្លាំងមានសមត្ថកិច្ចត្រូវរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការពារនូវបទល្មើសផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាធ្ងន់ធ្ងរដែលត្រូវតែយកចិត្តទុកដាក់សហការណ៍គ្នាដោះស្រាយ ឲ្យបានព្រមគ្នា ការពារអំពើរភេរវកម្ម ត្រូវអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា អាជ្ញាធរខេត្ត ត្រូវផ្សព្វផ្សាយសារាចរណ៍ណែនាំ អំពីផ្សារលក់ដូរឲ្យបានល្អ និងទូលំទូលាយទៅដល់បងប្អូនអាជីវករនៅតាម បណ្ដាផ្សារនៅក្នុងខេត្តរបស់ខ្លួន។ ត្រូវយកចិត្តទុកដាក់ធ្វើការងារ ជាមួយកម្មករឲ្យបានល្អ ព្រោះខេត្តស្វាយរៀងមានរោងចក្រច្រើន ជាពិសេសគឺនៅតាមតំបន់ ឧស្សាហកម្មពិសេស។ ក្រៅពីនេះគ្រប់ភាគីក៏ត្រូវខិតខំដោះស្រាយសេវាជូនប្រជាពលរដ្ឋ ដោយអនុវត្តឲ្យបានត្រឹមត្រូវទៅតាមច្បាប់កំណត់រួមមាន សេវាតម្រូវការ និងសេវាសំណូមពរ ជាពិសេសគឺសេវាតម្រូវការរួមមានការ ធ្វើអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅធ្វើអត្តសញ្ញាណប័ណ្ណ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាអភិវឌ្ឍន៍ ខេត្តស្វាយរៀង ឲ្យកាន់តែរីកលូតលាស់ លឿនទៅមុខ។ កិច្ចការដែលសម្រេចទៅបាន ដោយ ជោគជ័យ គឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អមុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ម្តងហើយម្តងទៀត ជុំវិញការទបប់ស្កាត់ឲ្យបាន ការលក់ ឬជួលដី ទៅឲ្យប្រជាជននៃបណ្តាប្រទេស នៅជាប់ព្រំ ដែនកម្ពុជា ជាពិសេស គឺប្រទេសវៀតណាម។ កន្លងមក មានសាធារណជនមួយចំនួន បានរិះគន់ថា រហូតមកដល់ពេលនេះ នៅតែមានការលក់ ឬជួលដី ទៅឲ្យប្រជាជនវៀតណាម។ ប៉ុន្តែជុំវិញការលើកឡើងនេះអាជ្ញាធរ ប្រចាំតំបន់ជាប់ព្រំដែនកម្ពុជា បានអះអាងឲ្យ ដឹងថា គ្មានការការលក់ ឬជួលដី ទៅឲ្យប្រជាជនវៀតណាមឡើយ៕