(ឈៀងម៉ៃ-ថៃ)៖ អង្កររបស់កម្ពុជា បានជាប់លេខ២ ក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក ឆ្នាំ២០១៦ ខណៈម្ចាស់ជយលាភីលេខ១ បានទៅម្ចាស់ផ្ទះថៃ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា «ថ្វីបើអង្ករកម្ពុជាខកខាន ជាប់ឈ្មោះជាអង្ករល្អបំផុតជាថ្មីម្តងទៀត ក្នុងសន្និសីទស្រូវអង្ករអន្តរជាតិ (The World Rice Conference) ក្នុងឆ្នាំនេះ តែការជ្រើសរើសអង្ករថៃជាប់លេខ១ក្នុងឆ្នាំនេះ គឺជារឿងលំបាកក្នុងការសម្រេចចិត្តរបស់ចុងភៅ ដែលត្រូវបានគេអញ្ជើញ ដើម្បីដឹកនាំការជ្រើសរើស នេះបើយោងតាមការអះអាងរបស់ លោក Jeremy Zwinger ប្រធានប្រតិបត្តិនៃ The Rice Trader ជាក្រុមហ៊ុនរៀបចំសន្និសីទនេះ»។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា អង្ករកម្ពុជាស្ថិតក្នុងចំណោម ការជ្រើសរើសចម្រាញ់យ៉ាងលំបាក ហើយ បានទម្លាក់សំណាកអង្ករចំនួន២០ផ្សេងទៀត មកពីប្រទេសសរុប១៤ ដែលបានដាក់ប្រកួតប្រជែង។ តាមអ្នករៀបចំការប្រកួត សំណាកអង្ករភាគច្រើន ដាក់ដោយប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា។
លោក Jeremy Zwinger បានប្រកាសថា អង្ករកម្ពុជាស្ថិតក្នុងចំណោម អង្ករល្អបំផុតនេះ ខណៈអង្ករពីប្រទេសវៀតណាម មីយ៉ាន់ម៉ា និង ប្រទេសជាច្រើនទៀត មិនបានជាប់នោះទេ សូម្បីអង្ករប៉ាស្មាទី ដែលគេដាំដុះភាគច្រើននៅប្រទេសឥណ្ឌា ប៉ាគីស្ថាន ដែលជាប្រទេសនាំចេញអង្ករយ៉ាងច្រើនទៅកាន់ទីផ្សារចិន និង ទីផ្សារនៅមជ្ឈឹមបូព៌ា។
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា សណ្ឋានដី ភូមិសាស្រ្ត នៃប្រទេសកម្ពុជា និងថៃគឺប្រហាក់ប្រហែលគ្នា ដូចនេះ គុណភាពអង្ករនៃប្រទេសទាំងពីរមិនខុសគ្នានោះទេ។ លោកបានលើកឡើងថា អ្វីដែលកម្ពុជាត្រូវគិតគួរ គឺត្រូវគិតពីផែនការឲ្យច្បាស់លាស់ ខណៈបញ្ហាទីផ្សារ និងតម្លៃរបស់កម្ពុជានៅមិនទាន់ដោះស្រាយបាន។
សូមជម្រាបថា កម្ពុជាធ្លាប់ឈ្នះពានអង្ករល្អបំផុតដំបូងបំផុតនៅឆ្នាំ ២០១២ ដែលគេរៀបចំឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ហើយ ពីរឆ្នាំបន្តបន្ទាប់គឺ ឆ្នាំ២០១៣ នៅទីក្រុងហុងកុង និង ឆ្នាំ២០១៤ ជាពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ (The World Rice Conference) នៅក្នុងខែវិច្ឆិកាដូចគ្នានេះ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជានឹងធ្វើម្ចាស់ក្នុងការរៀបចំសន្និសីទស្រូវអង្ករអន្តរជាតិនេះវិញម្តង៕