(ភ្នំពេញ)៖ យោងតាមព័ត៌មាននៅលើ Page Facebook ក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានសរសេរប្រកាសថា ក្រុមការងារ​យុវជនគ្រប់គ្រង Page Facebook ក្រសួងធម្មការ និងសាសនា នឹងត្រូវបិទការងារមួយរយៈ ឬទាំងស្រុង ព្រោះអត់លុយដាក់ Internet ព្រោះចាប់តាំងពីខែមករា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ពុំទទួលបានអ្វីទាំងអស់ សូម្បីតែលុយដាក់ Internet ក៏ប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដែរ។

ខាងក្រោមនេះជាការប្រកាសនៅលើ Facebook Page របស់ក្រសួងធម្មការ និងសាសនា៖

«សេចក្តីប្រគេន និងជូនដំណឹង៖ ផេកក្រសួងធម្មការ និងសាសនា អាចនឹងត្រូវបិទមួយរយៈ ឫត្រូវបិទទាំងស្រុង នូវការផ្សាយព័ត៌មានស្តីពីសកម្មភាពការងារក្រសួង ព្រោះកន្លងមកក្រុមការងារយុវជន ដែលមានខ្ញុំ មាស សំណាង ជាប្រធានបានការធ្វើការផ្សព្វផ្សាយព័ត៌មានក្រសួង និងតាមដាន ផេក របស់សម្តេចតេជោ ស្តីពីសកម្មភាពពាក់ព័ន្ធនឹងវិស័យធម្មការ និងសាសនា ពីព្រោះកន្លងមកក្រុមការងារយុវជនយើងខ្ញុំ បានការជួយ ឧបត្ថម្ភ ថ្លៃ Internet និងប្រាក់ឧបត្ថម្ភផ្សេងៗ ចំនួន ៥០០.០០០៛ (ហាសិបម៉ឺនរៀលគត់) ពីក្រសួងធម្មការ និងសាសនា (ឯកឧត្តម មិន ឃិន) ចាប់តាំងពីខែមករា ឆ្នាំ២០១៦ មកទល់នឹងសព្វថ្ងៃនេះ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ យើងខ្ញុំពុំទទួលបានអ្វីទាំងអស់ សូម្បីតែលុយដាក់ Internet ក៏ប្រើប្រាស់ ថវិកាផ្ទាល់ខ្លួនដែរ។ ហេតុនេះ ក្នុងនាមខ្ញុំ និងក្រុមការងារ សូមសម្រាក ឫឈប់ទាំងស្រុង បើក្នុងករណីរកថវិកាមិនបាន សូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលកន្លងមកធ្លាប់តាមដាន សូមបានជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារ គ្រប់ពេលវេលាកុំបីខានឡើយ៕»