(ភ្នំពេញ)៖ ក្រុមក្មេងស្ទាវទំនើង៣នាក់ ជិះម៉ូតូធំ៣គ្រឿងប​ង្ហោះប្រណាំងគ្នា​ លាន់រំពងយ៉ាងអនាធិប្បតេយ្យ​ផ្អើលអស់ប្រជាពលរដ្ឋ តែជាលទ្ធផល ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ​ក្របួចជាប់ដើម្បីបន្ត​សាកសួរភ្លាមៗ ។

ករណីបង្ក្រាបក្រុមបង្ហោះម៉ូតូយ៉ាងអនាធិប្បតេយ្យនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅចំណុចក្បែរសួនច្បារ​ព្រះនាងប្រាជ្ញបារមី តាមបណ្ដោយផ្លូវទន្លេសាប ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បន្ទាប់ពីកម្លាំងល្បាតរបស់កងរាជអាវុធហត្ថ​ខណ្ឌជ្រោយចង្វារ ទទួលបានសេចក្ដីរាយការណ៍​ពីបងប្អូន​ប្រជាពលរដ្ឋថា មានករណីក្រុមក្មេងទំនើងបង្ហោះ​ប្រឡង​ប្រណាំងម៉ូតូ​លាន់រំពង​យ៉ាងអនាធិប្បតេយ្យ គ្មានសណ្ដាប់ធ្នាប់​ ផ្អើលអស់ប្រជាពលរដ្ឋរស់នៅ​តាមបណ្ដោយផ្លូវ​ទន្លេសាប និងស្របពេល​ដែលកម្លាំ ងអាវុធហត្ថកំពុង​ប្រតិបត្តិការយាម​ល្បាត​ដើម្បីរក្សា​ការពារ​សន្តិសុខ សុវត្ថិភាពនិងទប់ស្កាត់បង្ក្រាបនូវរាល់បទល្មើស ផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋានផងនោះ ទើបឈាន ទៅដល់ការបង្ក្រាប​និងឃាត់ខ្លួនបក្ខពួកទាំង​នោះបានចំនួន៣នាក់រួម​ទាំងម៉ូតូធំ៣គ្រឿង​ដើម្បីបញ្ជូនមកសួរនាំនៅ​ទីបញ្ជាការកងរាជអាវុធ​ហត្ថខណ្ឌជ្រោយ​ចង្វារតែម្ដង ។

មន្ត្រីអាវុធហត្ថខណ្ឌជ្រោយចង្វារបានបញ្ជាក់ថា ក្រុមក្មេងទំនើងដែលត្រូវឃាត់ខ្លួនទី១- ឈ្មោះ មាស សុនាថ ភេទប្រុស អាយុ២២ឆ្នាំ ទី២- ឈ្មោះវឿន សុភក្តី ភេទប្រុស អាយុ២២ ឆ្នាំ ទី៣- ឈ្មោះស៊ុយ ស្រស់ ភេទប្រុស អាយុ២០ឆ្នាំ ។

មន្ត្រីអាវុធហត្ថដដែលបានបញ្ជាក់ទៀតថា  ក្រោយឃាត់ខ្លួន​សួរនាំនិងស្រាវជ្រាវប៉ុន្មាន​ម៉ោងក្រោយរក​ឃើញថា ក្រុមក្មេង ទំនើងទាំងនេះមិនមានពាក់ព័ន្ធបទល្មើស ដែលគួរឲ្យកត់សម្គាល់​ក៍សម្រេចអប់រំណែនាំឲ្យ​អាណាព្យាបាលមកធានា​ដោយធ្វើកិច្ចសន្យាឲ្យត្រឡប់​ទៅផ្ទះវិញរៀងៗ​ខ្លួនផងដែរ ៕