(ព្រះសីហនុ)៖ លោកវរសេនីយ៍ទោ ចៅ ម៉េង នាយការិយាល័យនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានបើករថយន្តរបស់ខ្លួនទាំងស្រវឹងជោកជាំ ទៅបុកម៉ូតូជនបរទេស រួចបន្ថែមល្បឿនគេច ពីកន្លែងកើតហេតុបានជាង១គីឡូម៉ែត្រ ទៅបុកការដ្ឋានរង្វង់មូលត្រីដូលហ្វីន ដែល សាលាខេត្តកំពុងតែកែរលំអរថ្មីដាច់កង់ទៅមុខមិនរួច។
របាយការណ៍របស់នគរបាលចរាចរណ៍ បានឲ្យដឹងថា នៅវេលាម៉ោង ២១៖៣០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើដងផ្លូវវិថីក្រុង ចំណុចជិតផ្ទះពស់ ស្ថិតក្នុងភូមិ០៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរមួយបង្កឡើងដោយ រថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-3787 បើកបរដោយឈ្មោះ ចៅ ម៉េង ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ មុខរបរជានាយការិយាល័យ នគរបាលសេដ្ឋកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ១គ្រឿងម៉ាក Air Blade ពណ៌ក្រហម លាយខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ Yufuf Chandra ភេទប្រុស ជនជាតិឥណ្ឌូនេស៊ី អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ កុ្រងខេត្តព្រះសីហនុ មុខរបរទេសចររួមដំណើរជាមួយឈ្មោះ Ediyanto ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅជាមួយគ្នា មានទិសដៅផ្ទុយគ្នា បណ្តាលឲ្យរងរបួសមធ្យម និងស្រាលទាំង២នាក់។
បន្ទាប់មកនាយការិយាល័យប្រមឹករូបនេះ ក៏បានបួងចង្កូតបើកគេចពីកន្លែងកើតហេតុ បានប្រហែល១,៣០០ម៉ែត្រ ក៏បានបើកបុកការដ្ឋានរង្វង់មូលត្រីដូលហ្វីន នៅផ្លូវឯករាជ្យក្បែរស្នងការដ្ឋាននគរបាលខេត្ត ក៏ដាច់កង់មុខទៅមុខលេងរួច ហើយបើកទ្វារឡានរត់គេចបាត់ស្រមោលភ្លាមៗផងដែរ ក្រោយពេលដែលប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមមកដល់។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ បានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះមេនគរបាលសេដ្ឋកិច្ចរូបនេះ ដែលដឹងច្បាប់ តែមិនទទួលខុសត្រូវ ចំពោះកំហុសរបស់ខ្លួន បែជាបើកគេចរត់យកខ្លួនពីកន្លែង កើតហេតុដោយមិនទទួលខុសត្រូវទៅវិញ។ ប្រជាពលរដ្ឋ ក៏បានស្នើដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រួមទាំងអគ្គស្នងការសូមមេត្តាចាត់វិធានការ ចំពោះមន្ត្រីក្រោមឱវាទផង ដើម្បីកុំឲ្យជះឥទ្ធិពលមិនល្អ ដល់មន្ត្រីល្អត្រឹមត្រូវឯទៀតផងដែរ៕