(ភ្នំពេញ)៖ ស្ត្រីម្នាក់ហេតុតែញៀនល្បែងនិងខឹងប្ដីមិនឲ្យលុយ​ទៅស្រង់ដើម​ខណៈចាញ់ល្បែង ក៏សម្រេច​ចិត្តទៅលោត ទឹកលើស្ពាន​ជ្រោយចង្វារ​ថ្មីដើម្បីសម្លាប់ខ្លួន តែមិនបានស ម្រេចឡើយត្រូវ​កម្លាំងអាវុធហត្ថ​ខណ្ឌជ្រោយចង្វារ ដែលឈរជើងយាមល្បាត​នៅនោះក្បែរជួយ​សង្គ្រោះទាន់ពេលវេលា ។

ករណីស្ត្រីញៀនល្បែង​សម្រេចចិត្តលោតទឹកលើដ្ពានជ្រោយចង្វារនេះ បង្កឲ្យមានការភ្ញាក់ផ្អើល​នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅចំណុចលើស្ពាន​ជ្រោយចង្វារថ្មី ត្រើយខាងកើត ស្ថិតក្នុងភូមិ​ដើម​គរ  សង្កាត់ជ្រោយ​ចង្វារ ខណ្ឌជ្រោ​យចង្វារ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់មាន​ឈ្មោះ ហេង រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ និងមានប្តី​មុន​ឈ្មោះភុំ អុន អាយុ៥៨ឆ្នាំ មុខរបរជាមន្ត្រីពន្ធ​ដាចូលនិវត្តន៍ ស្នាក់នៅ ឃុំលើកដែក ស្រុកកំពូនភ្នំ ខេត្តកណ្ដាល និងមានកូនប្រុសម្នាក់ ព្រមទាំងមិនដែលត្រូវគ្នារយៈ​ពេលជិតមួយឆ្នាំមកហើយ។ រីឯប្តី​ក្រោយ​ឈ្មោះ សៀត សុគន្ធ អាយុ៣៤ឆ្នាំ មុខរបរម៉ៅការសំណង់ និងបានចាប់ដៃគ្​នាត្រឹមរយៈ​ពេលទើបបាន៥ខែប៉ុណ្ណោះ ដែលស្នាក់នៅភូមិស្វាយ​តាណាក់ ឃុំស្វាយរមៀត ស្រុកសាច់កណ្តាល ខេត្តកណ្តាល ដោយពុំទាន់មាន​កូនចៅជាមួយគ្នាឡើយទេ ។

ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំង​ទឹកភ្នែកទៀតថា រូបគាត់ចូលចិត្តលេង​ល្បែងណាស់ ហើយគាត់​មានប្តី​មុននិងគ្រួសារក្រោយ «ពោលគឺមានប្ដីចំនួន២នាក់» ព្រោះមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានយក​លុយរបស់ប្ដីក្រោយ​ជិត៣០០ដុល្លា ដើម្បីទៅលេងល្បែង ស្រាប់តែត្រូវចាញ់អស់ទើបសម្រេចទាក់​ទង​ណាត់​ទៅជួបបុរស​ជាប្តីមុន​ ឲ្យមកជួបក្នុង​បំណងលួងលោម​រកលុយដើម្បី​ទៅស្រង់ដើម តែជាអកុសលការលួង​លោមមិនសម្រេច ក៍សម្តេចចិត្ត​មកលោតទឹកស្ពាន​ជ្រោយចង្វារ​ដើម្បីសម្លាប់ខ្លួន តែត្រូវប្តីមុន តាមមកទាន់ជួយ​សង្គ្រោះបាន។ លុះមួយសន្ទុះធំក្រោយមក​ស្ត្រីរងគ្រោះបានសម្រេច​មកលោតទឹកស្ពាន​ជ្រោយចង្វារម្ដងទៀត ក៍ត្រូវកម្លាំងអាវុធហត្ថ​ខណ្ឌជ្រោយ​ចង្វារ ដែលឈរជើង​យាមល្បាត​នៅក្បែរនោះមកឃាត់​ជួយ​សង្គ្រោះ​ទាន់ពេលវេលា និងប្រគល់ឲ្យ​កម្លាំងនគរបាលប៉ុស្ដិ៍​ជ្រោយចង្វារ ដើម្បីបន្តសាកសួរស្រាវ​ជ្រាវ​រហូតរក​ឃើញក្រុម​គ្រួសារ​ឲ្យ​មកទទួល​ត្រឡប់​ទៅផ្ទះវិញ​ផងដែរ ៕