(កណ្តាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំកងកម្លាំងរាជអាវុធហត្ថទូទាំងខេត្តកណ្តាល ប្រារព្ធពិធីអបអរសាទរខួបលើកទី៦៣ «ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ» និង «ទិវាឯករាជ្យជាតិ» ៩វិច្ឆិការ១៩៥៣ ដល់ ៩វិច្ឆិកាឆ្នាំ២០១៦ នាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
ការរៀបចំប្រារព្ធទិវាជាតិខាងលើនេះ គឺអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលក្នុងឱកាសនោះ ក៏មានការចូលរួមមានពី មេបញ្ជាការរង, សេនាធិការរង, ប្រធានមន្ទីរ-អនុប្រធានមន្ទីរ, មេបញ្ជាការ-បញ្ជាការងមូលដ្ឋានក្រុង-ស្រុក, នាយការិយាល័យ, សមាជិក, នាយ-នាយរងអាវុធ និងនិវត្តជនទូទាំងខេត្ត ជាច្រើននាក់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានចុះសំណេះសំណាលផ្ទាល់ ដោយលើកយកអនុសាសន៍សំខាន់ៗ របស់លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកនាយឧត្តមសេនីយ៍ ប៉ុន សារឿន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ នៃសមាគមន៍អតីតយុទ្ធជន, លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរ ដល់នាយទាហាន-នាយទាហានរង និងនិវត្តជន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើប្រជាពលរដ្ឋ និងជាតិមាតុភូមិ នាពេលកន្លងមក។
មិនត្រឹមតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា ក៏បានចែកជូនថវិកាមួយចំនួន ជូនដល់នាយអាវុធហត្ថដែលមានស្នាដៃ និងនិវត្តជនមួយចំនួន ផងដែរ៕