(កំពត)៖ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលជាម្ចាស់ទូកដឹកភ្ញៀវទេសចរតាមមាត់ព្រែកកំពត ឈ្មោះ តុត មីនកាលឹម ហៅសុខលឹម ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ខេត្តកំពតដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
ដីកាបង្គាប់ឲ្យឃុំខ្លួន ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា ម្ចាស់ទូកដឹកភ្ញៀវទេសចរ ត្រូវបានចោទប្រកាន់ពីបទ «មនុស្សឃាតដោយអចេតនា» ស្របតាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តក្នុងព្រែកកំពត ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត់ ហើយប្រឈមនឹងការដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ។
សូមបញ្ជាក់ថា មានហេតុការណ៍មួយបានកើតឡើង នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមមាត់សមុទ្រ ជិតស្ពានថ្មី ក្រុងកំពត ខេត្តកំពត ក្រោយទូកទេសចរណ៍ដ៏ធំមួយ ផ្ទុកមនុស្សជាង៧០នាក់ បានគឿងជាមួយខ្សាច់ ហើយផ្អៀងធ្វើឲ្យមានការជ្រួលច្របល់អ្នកនៅលើទូក រហូតលោតចូលទឹកតែម្តង។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា បណ្ដាលឲ្យជនរងគ្រោះ៤នាក់ បានស្លាប់ដែលសពជនរងគ្រោះទាំង៤នាក់ មាន៣នាក់ ជាម្តាយក្មេក ប្រពន្ធ និងកូនប្រុសរបស់ នាយការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត លោក សាន យ៉េត ហើយស្រ្តីវ័យចំណាស់ម្នាក់ទៀត ជាអ្នករស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «មូលហេតុដែលនាំឲ្យមានករណីនេះកើតឡើង ដោយសារតែទូកទេសចរណ៍មួយនេះ ក្រោយត្រឡប់មកពីមើល អំពិលអំពែកតាមមាត់សមុទ្រនោះ បានគឿងខ្សាច់ (ក្រោយទឹកនាច) ស្រាប់តែបណ្តាលឲ្យទូកផ្អៀង ហើយមានអ្នកខ្លះធ្លាក់ចូលទឹក ពេលនោះក៏ម្នាក់ៗ ឆោឡោយ៉ាងខ្លាំង ដោយគិតថាទូកលិច ទើបម្នាក់ៗនាំគ្នាលោតចេញពីទូក រហូតមានស្លាប់យ៉ាងដូច្នេះ»៕