(រតនគិរី)៖ កម្លាំងរដ្ឋបាលព្រៃឈើ ផ្នែកបរកែវសហការជាមួយ កម្លាំងអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានស្ទាក់ចាប់រថយន្ត ច្នៃ១គ្រឿង លួចដឹកឈើប្រណិតបម្រុងលោតឆ័ត្រ ទៅវៀតណាម លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។

តាមសមត្ថកិច្ចដែលចុះប្រតិបត្តការខាងលើនេះបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ គណបញ្ជាការឯកភាពខេត្តរតនគិរីនោះ កម្លាំងសមត្ថកិច្ចតាមដាន ស្រាវជ្រាវសកម្មភាពក្រុមឈ្មួញគ្រប់រូបភាព។ ជាក់ស្តែងរថយន្តនេះច្នៃរួចយកឈើប្រណិត ទៅលាក់ក្នុងបាតខាងក្រោម ប៉ុន្តែត្រូវបង្ក្រាបដោយសារ កម្លាំងសម្ងាត់រាយការណ៍។

បច្ចុប្បន្នរថយន្តច្នៃនិងឈើប្រណិត ជាច្រើនដុំត្រូវបាននាំមករក្សាទុក នៅស្នាក់ការរដ្ឋបាលព្រៃឈើ ផ្នែកបរកែវដើម្បីចាត់ចែង តាមច្បាប់ស្តីពីព្រៃឈើ។

ទន្ទឹមករណីបង្ក្រាបរថយន្តច្នៃលួច បង្កប់ឈើលោតឆ័ត្រឆ្ពោះទៅវៀតណាមនេះដែរ មន្ត្រីរាជការនិងប្រជាពលរដ្ឋនៅខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា សូមឲ្យសមត្ថកិច្ចអនុវត្តច្បាប់ពីព្រោះថា ក្នុងមួយថ្ងៃៗ មានរថយន្តលួចដឹកឈើជាច្រើនប៉ុន្តែ បង្ក្រាបតែ១គ្រឿងធ្វើរបាយការណ៍ ស្នាដៃបង្អួតថ្នាក់លើ៕