(ភ្នំពេញ)៖ ស្របពេលដែលតុលាការ ចេញដីការកោះហៅឲ្យចូលខ្លួនបំភ្លឺជាថ្មី ពីសំណាក់ជនសង្ស័យ ជាអតីតប្រុសស្នេហ៍ជាមន្ត្រីប៉ូលិស ពាក់ស័ក្តិ៤កន្លះ បម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសរបស់ លោកឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ គឺលោក គុយ សទ្ធិសក្តិ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ តារាស្រីកញ្ញា វ៉ាន់ នីឡា បានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនថា ច្បាប់អាចនឹងជួយស្វែងរកយុត្តិធម៌ ឲ្យនាងដូចតារាស្រីពីរដួងផ្សេងទៀត គឺកញ្ញា ពេជ្រ អាវីហ្សា និងអតីតពិធីការិនីកញ្ញា សាសា ជាក់ជាមិនខាន។
សំណុំរឿងពាក់ព័ន្ធករណី បង្ហោះរូបអាក្រាតកាយ របស់តារាចម្រៀងស្រី ប្រចាំផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បន្ទាប់ពីត្រូវបានតុលាការ បើកការស៊ើបអង្កេត និងបានធ្វើការសម្រេចចោទប្រកាន់ ទៅលើអតីតមិត្តប្រុសរបស់នាង គឺលោក គុយ សទ្ធិសក្តិ ចំនួនពីរករណី ដែលករណីទី១ គឺការបង្ហោះរូបអាក្រាត និងករណីទី២ ការប្រើហិង្សារដោយចេតនានោះរួចមក ត្រូវបានតុលាការចេញដីការកោះហៅ ជនសង្ស័យឲ្យចូលខ្លួនបំភ្លឺជាថ្មី កាលពីថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈកន្លងមកជនសង្ស័យរូបនេះ នៅតែបន្តគេចខ្លួនមិនព្រមចូលបំភ្លឺ ចំនួន៤លើក រួចមកហើយដោយក្នុងនោះ មាន២លើកស្ថិតក្នុងក្រសួងមហាផ្ទៃ។
ដោយឡែកងាកមកចាប់អារម្មណ៍ រឿងរ៉ាវនៃការកោះហៅ ឲ្យចូលខ្លួនបំភ្លឺជាថ្មីលើបណ្តឹងរបស់ កញ្ញា វ៉ាន់ នីឡា ចំពោះអតីតមិត្តប្រុស លោក គុយ សទ្ធិសក្តិ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញឯណេះ រហូតមកទល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺកំពុងមានមហាជនច្រើន បាននាំគ្នាទន្ទឹងរងចាំស្តាប់លទ្ធផល នៃការចូលខ្លួនបំភ្លឺរបស់លោក គុយ សទ្ធិសក្តិ ព្រមទាំងចំណាត់ការផ្លូវច្បាប់ របស់តុលា ថាតើយុត្តិធម៌នឹងត្រូវមានចំពោះតារាច្រៀង កញ្ញា វ៉ាន់ នីឡា ឬមួយយ៉ាណា? ខណៈរឿងរ៉ាវនេះ ត្រូវបានអូសបន្លាយ ពេលអស់រយៈពេលជាច្រើនខែ មកហើយ។
យ៉ាងណាមិញ ទោះបីជាលទ្ធផលខាងលើនេះ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការ ពីប្រភពណាមួយក៏ពិតមែន ប៉ុន្តែសម្រាប់សាមីខ្លួន កញ្ញា វ៉ាន់ នីឡា បានប្រកាសគោលជំហ តាមរយៈបណ្ដាញសង្គម Facebook របស់នាង យ៉ាងដាច់ណាត់ថា «ទោះបីជាពេលវេលាយូរខ្លាំងប៉ុណ្ណា ក៏ខ្ញុំមិនអាចរំសាយកំហឹងបានដែរ ខ្ញុំមិនខ្វល់ថា អ្នកឯងជាកូននរណា ធ្លាក់ពីឋានព្រះឥន្ធណា ក៏ខ្ញុំមិនខ្លាចដែរ ដំណាក់កាលនេះទៅហើយ គ្មានពាក្យថា រាថយ មានតែសំរុកចូល ច្បាំងមិនឈ្នះ ក៏ត្រូវតែច្បាំង បើជ្រុលជាមានឈ្មោះជាទាហានទៅហើយ យ៉ាងហោចណាស់ ក៏ដាក់អ្នកឯងបានមួយដាវដែរ។ មើលមុខខ្ញុំឲ្យច្បាស់ ខ្ញុំអត់ដែលខ្លាចអំណាច អ្នកឯងឡើយ»។
ជាមួយគ្នានេះដែរ តារាចម្រៀងរាងមាន់ចែ កញ្ញា វ៉ាន់ នីឡា ក៏បានលើកប្រៀបធៀប ពីរឿងនាង ជាមួយករណី នៃការប្រើអំពើហឹង្សាមកលើ តារាស្រីកញ្ញា ពេជ្រ អាវីហ្សា និង អតីតពិធីការិនីកញ្ញា សាសា ថា ច្បាប់នឹងផ្តល់យុត្តិធម៌ ចំពោះនាងដែលជាស្រី្តរងគ្រោះ ដូចទៅនឹងតារាទាំងពិរដួងនេះ។ វ៉ាន់ នីឡា និយាយថា «បង ពេជ្រ អាវីហ្សា កំពុងតែទទួលបាននូវពន្លឺយុត្តិធម៌ ដោយលោក ហេង ត្រូវបានសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ន និងរងចាំការកាត់ទោស ក្នុងពេលខាងមុខ។ ដោយឡែក ខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា ខ្ញុំក៏ត្រូវបានទទួលនូវភាពយុត្តិធម៌ ក្នុងពេលឆាប់ៗដូចគ្នា!»៕