(ក្រចេះ)៖ កម្លាំងនគរបាលវរការពារព្រំដែនគោក៦១៩ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបើកប្រតិបត្តិការ ព័ទ្ធចាប់ខ្លួនជនសង្ស័យ ៦នាក់ ដែលបានក្លែងបន្លំខ្លួន​ជាមន្រ្តីនគរបាល​ក្រសួងមហាផ្ទៃ ដើរជម្រិតទារប្រាក់ពីក្រុមម៉ូតូ និងរថយន្តដឹកឈើ​កូនក្រឡឹង នៅចំណុចគីឡូម៉ែត្រ៨៨ ភូមិជើងឃ្លូ​ ឃុំ២ធ្នូ​ ស្រុកស្នួល ខេត្តក្រចេះ​​។

មន្រ្តីនគរបាលស្រុកស្នួល បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៧​​ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី លន់ សុផាត។

ជនខិលខូចទាំង៦នាក់ខាងលើ មានឈ្មោះ ៖
ទី១. ឈ្មោះ​​ វ៉ាន់​ វាសនា​​ ​អាយុ២២ឆ្នាំ​ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ឯក​ គ្មាន​អត្តលេខ)
ទី២. ឈ្មោះ​​ វ៉ាន់​ សង្ហា ​អាយុ២០ឆ្នាំ​ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មាន​អត្តលេខ)
ទី៣. ឈ្មោះ​​ ម៉ៅ​ ជីវ៉ា ​អាយុ២០ឆ្នាំ​ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី​ គ្មាន​អត្តលេខ)​ អ្នកទាំង៣ រស់នៅភូមិល្វា ឃុំកំពង់ឫស្សី​ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ទី៤. ឈ្មោះ​​​ វ៉ាន់​ សំណាង ​អាយុ២៣ឆ្នាំ​ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មាន​អត្តលេខ)​ រស់នៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ទី៥. ឈ្មោះ ប៉ុន សត្ត្រា ​អាយុ២៦ឆ្នាំ​ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី​ គ្មាន​អត្តលេខ) រស់នៅភូមិត្នោត​ ឃុំកំពង់ឫស្សី​ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង
ទី៦. ឈ្មោះ កាច ប៊ុនលី ​អាយុ២០ឆ្នាំ​ (ពាក់ឯកសណ្ឋានស៊ីវិល ជាអ្នកបើកបរ) រស់នៅភូមិពោន​ ឃុំត្រពាំងសាលា ស្រុកបន្ទាយមាស ខេត្តកំពត។

សមត្ថកិច្ចបានបន្តថា មធ្យោបាយធ្វើដំណើររបស់ជនខាងលើ គឺរថយន្តចំនួន ២គ្រឿង៖ ១.ម៉ាក Hilander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល​ 2-0089 និងរថយន្តម៉ាក Toyota Corola ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2H-0403 (រថយន្តទាំង២ មាន Logo នគរបាលក្រសួងមហាផ្ទៃ​ បិទជាប់នឹងទ្វារ)។

ក្នុងពេលសួរចម្លើយ ជនសង្ស័យទាំង៦នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួនមិនមែនជាកម្លាំងនគរបាលឡើយ។

បច្ចុប្បន្ន ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕