(ភ្នំពេញ)៖ ពលរដ្ឋជាង៣០នាក់ បានចាញ់បោកក្រុមហ៊ុនមួយឈ្មោះ «ខ្មែរជួយខ្មែរ» អស់លុយជិត៨ម៉ឺនដុល្លារ ក្រោយក្រុមហ៊ុនធានាថា រត់ការឲ្យទៅរស់នៅ និងធ្វើការស្របច្បាប់ ក្នុងប្រទេសអូស្ដ្រាលី ហើយពួកគាត់បានទៅដាក់ពាក្យបណ្ដឹងនៅអគ្គស្នងការនគរបាលជាតិ ជាង១ខែមកហើយ មិនទាន់មានពន្លឺ នៃចំណាត់ការអ្វីទាំងអស់ ពេលនេះពួកគាត់បន្ដអង្វរសុំកិច្ចអន្ដរាគមន៍ពីថ្នាក់ដឹកនាំ។
លោក រឿន ភារៈ មានទីលំនៅក្នុងភូមិត្នោត ឃុំក្រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលតំណាងពលរដ្ឋជាង៣០នាក់ បានរៀបរាប់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា មានក្រុមហ៊ុនមួយឈ្មោះ «ខ្មែរជួយខ្មែរ» ដែលមានអ្នកគ្រប់គ្រង់ឈ្មោះ ជូ ជឺរី ជនជាតិខ្មែរ មានទីតាំងស្ថិតនៅក្បែរស្ថានីយ៍ទូរទស្សន៍បាយ័ន្ដ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសន្យា នឹងធានាពួកគាត់ឲ្យទៅរស់នៅ និងធ្វើការស្របច្បាប់នៅប្រទេសអូស្ដ្រាលី ប៉ុន្ដែក្នុងម្នាក់ត្រូវចំណាមថវិកា ២,៥០០ដុល្លារ ទើបអាចរត់ការទៅបាន។
លោកបញ្ជាក់ថា ដោយសារជីវភាពខ្វះខាត និងចង់ទៅរស់នៅធ្វើការនៅស្រុកគេផងនោះ ទើបពួកគាត់បានសម្រេចចិត្តប្រគល់លុយទៅក្រុមហ៊ុននោះ ដើម្បីរត់ការឲ្យនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ ដោយសរុបជិត៨ម៉ឺនដុល្លារ ហើយក្រុមហ៊ុនសន្យាថា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ឡើង យន្ដហោះចេញទៅក្រៅ ហើយមកទល់ពេលនេះ អ្នកតំណាងក្រុមហ៊ុន ក៏ដូចជាទីតាំងក្រុមហ៊ុន ត្រូវបានរុះរើចេញពីកន្លែងចាស់បាត់ទៅហើយ មិនទាន់ដឹងថារត់ទៅទីណានោះទេ។
លោកបន្ថែមថា ពេលនេះពួកគាត់មានទុក្ខលំបាកខ្លាំងណាស់ព្រោះអ្នកខ្លះ ទៅខ្ចីលុយពីមីក្រូហរិញ្ញវត្ថុ ដើម្បីបានលុយរត់ការទៅនៅស្រុកគេ ហើយអ្នកខ្លះទៀតយកប្លង់ផ្ទះ ប្លង់ដី ទៅដាក់បញ្ជាំដើម្បីបានលុយដែរ ប៉ុន្ដែចុងក្រោយមិនបានទៅរស់នៅស្រុកគេហើយជំពាក់គេវ័ន្ដ-កទៀត មិនថាត្រូវដោះស្រាយយ៉ាងណានោះទេ ហើយពួកគាត់បាននាំគ្នាទៅដាក់ពាក្យបណ្ដឹង នៅអគ្គស្នងការនគរបាលជាតិ ជាង១ខែហើយ ដើម្បីរកជំនួយក្នុងការអន្ដរាគមន៍ តែនៅតែគ្មានពន្លឺក្នុងជួយនោះទេ។
តំណាងពលរដ្ឋ បានសង្កត់ធ្ងន់ថា ពួកគេស្គាល់មេខ្យល់ដែលដើរឃោសនានោះហើយ ដែលមានឈ្មោះ យ៉ង វិបុល ហៅ ជ័យ វិសាល មានទីលំនៅក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ ប៉ុន្ដែមិនអាចធ្វើអ្វីគេបាននោះទេ ហើយពលរដ្ឋដែលនៅក្បែរផ្ទះមេខ្យល់នេះ បានអះអាងថា ជននេះជាជនសកម្មក្នុងការដើរបោកប្រាស់ គេច្រើនដងមកហើយ។
ជាចុងក្រោយពួកគាត់ សូមធ្វើការសំណូមពរដល់ស្ថាប័នតុលាការ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ សូមជួយអន្ដរាគមន៍ដល់ពួកគាត់ផង ព្រោះពេលនេះពួកគាត់ជំពាក់លុយគេជុំទិសហើយ៕