(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ បានចេញដីកាបង្គាប់ឱ្យដោះលែងជាបន្ទាន់នូវយុវជនម្នាក់ ដែលត្រូវសមត្ថកិច្ច និងតុលាការចាប់ឃុំខ្លួន បន្ទាប់ពីដើរបាញ់ជំពាមសត្វកុកនៅលើដីឧកញ៉ា លី អាន នាថ្មីៗនេះ។ នេះបើតាមដីការបង្គាប់ឱ្យដោះលែង ដែលចេញដោយ លោក ឡុង សិកា ចៅក្រមស៊ើបសួរ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

យុវជនដែលត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីដើរបាញ់សត្វលើដីឧកញ៉ានោះ មានឈ្មោះ នាង កូ ហៅគោ អាយុ៣៤ឆ្នាំ មានមុខរបរធ្វើស្រែចំកា និងរស់នៅក្នុងភូមិតាបូ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ​ និងយុវជនឈ្មោះ សុទ្ធ វ៉ែនតា អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅស្រុកកោះអណ្តែត ខេត្តតាកែវ ដែលត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងខេត្តតាកែវ ហើយត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ រំលោភលើលំនៅឋាន។

សូមជំរាបថា បើតាមការអះអាងរបស់សាច់ញាតិបុរសខាងលើ បានឱ្យដឹងថា កាលពីដើមខែវិច្ឆិកា ជនរងគ្រោះ បានប្រើជំពាមទៅបាញ់កុក២នាក់បងប្អូន នៅក្នុងចំការដូងក្រអូបរបស់ លោកឧកញ៉ា លី អាន ស្ថិតនៅឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ហើយត្រូវមេការចាំចំការ ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច និងបញ្ជូនទៅតុលាការ។ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តុលាការបានសម្រេចឃុំខ្លួនយុវជនខាងលើទៅតាមបណ្តឹងរបស់ឧកញ៉ា លី អាន តែម្តង។

ក្រុមគ្រួសារជនរងគ្រោះប្រមាណជិត១០នាក់ បានដង្ហោយរកយុត្តិធម៌ ពីគ្រប់ភាគីពាក់ព័ន្ធនានា បន្ទាប់ពីតុលាការខេត្តកាកែវសម្រេចឃុំខ្លួននេះ៕