(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រុមអតីតអ្នកបើករថយន្តកាពីតូលចំនួន៤៥នាក់ បានលើកគ្នាដង្ហែរក្បូនតវ៉ាម្ដងទៀត ដោយតម្រង់ ទៅខុទ្ធការិយាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីដាក់លិខិតស្នើសុំអន្តរាគមន៍ពីសម្ដេចតេជោ ឱ្យជំរុញដល់ក្រុមហ៊ុនកាពីតូល ទទួលយកពួកគាត់ចូលធ្វើការវិញ ក្រោយពីបញ្ឈប់អស់រយៈពេលជាង១ឆ្នាំមកនេះ។
លោក អ៊ាន គឹមហ៊ុន អគ្គនាយកសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា ដែលចូលរួមតវ៉ាជាមួយអតីតអ្នកបើករថយន្តក្រុងកាពីតូល បានឲ្យដឹងថា «ក្រុមរបស់យើងបានដាក់លិខិតស្នើជូនរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង ហើយលោករដ្ឋមន្រ្តីបានចេញលិខិតមួយ ប្រកាសឲ្យក្រុមហ៊ុនកាពីតូលទទួលយកយើងទាំងអស់គ្នាចូលធ្វើការវិញ ប៉ុន្តែភាគីក្រុមហ៊ុនមិនបានទទួលយកបុគ្គលិកឲ្យចូលធ្វើការវិញ តាមបញ្ជារបស់ លោករដ្ឋមន្រ្តីក្រសួងការងារនោះទេ»។
លោកបានបន្តថា ដោយសារក្រុមហ៊ុនកាពីតូល នៅតែមិនព្រមទទួលក្រុមរបស់លោក ឲ្យចូលធ្វើការវិញនេះហើយ ទើបក្រុមរបស់គាត់ បាននាំគ្នា ដាក់ពាក្យបណ្ដឹងទៅដល់សហគមន៍អន្តរជាតិ ដើម្បីជួយអន្តរាគមន៍បន្ថែមទៀត ហើយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ក៏ធ្លាប់បានកោះប្រជុំ ជាមួយភាគីខាងសហជីពរបស់លោក និងភាគីក្រុមហ៊ុនកាពីតូល ដើម្បីធ្វើការសម្របសម្រួលគ្នា ប៉ុន្តែភាគីក្រុមហ៊ុន នៅតែប្រកាន់ជំហរ មិនព្រមទទួលយកក្រុមសហជីពរបស់លោក ឲ្យចូលធ្វើការដដែល រហូតមកដល់បុច្ចុប្បន្ននេះ។
បើតាមការឱ្យដឹងពីអតីតអ្នកបើករថយន្តទាំងនេះ បានឱ្យដឹងថា ក្រុមហ៊ុនកាពីតូល បានបញ្ឈប់ ថ្នាក់ដឹកនាំ សហជីពចំនួន៥នាក់ ដោយលើកមូលហេតុថា កាត់បន្ថយចំនួនបុគ្គលិកបន្ទាប់ពីក្រុមកម្មករនិយោជិត ក្នុងក្រុមហ៊ុនកាពីតូល បាននាំគ្នាបង្កើតក្រុមសហជីពមួយ។ ទោះជាយ៉ាងណា Fresh News នៅមិនទាន់ទាក់ទងតំណាងក្រុមហ៊ុនកាពីតូលបាននៅឡើយទេនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕