(ប៉ៃលិន)៖ ក្រុមការងារមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង សាខាខេត្តប៉ៃលិន ដឹកនាំដោយលោក ហុក សុផល ប្រធានក្រុមទទួលបន្ទុកមូលនិធិក្រុងប៉ៃលិន បានចុះសួរសុខទុក្ខ រំលែកទុក្ខ ដល់គេហដ្ឋានផ្ទាល់ និងបានចែកអំណោយជូនគ្រួសារសម្រាលកូនចំនួន៨គ្រួសារ និងគ្រួសារសព ចំនួន២គ្រួសារ រស់នៅក្នុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅនៅរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយនោះ ក្រុមការងារមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង បានផ្តល់ជូនដល់ គ្រួសារសម្រាលកូន និងគ្រួសារសពទាំង ១០គ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភ និងប្រាក់ចូលរួមរំលែកទុក្ខបុណ្យសព ពីមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ក្នុងមួយគ្រួសារៗថវិកា ២០០,០០០រៀល (២សែនរៀលគត់)។
ក្នុងឱកាសនោះដែរ ក្រុមការងារ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ និងរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនចំពោះគ្រួសារសម្រាលកូន ទាំង៨គ្រួសារ និងសម្តេចសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពទាំង ២គ្រួសារផងដែរ ។
គួរបញ្ជាក់ថា មូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង សាខាខេត្តប៉ៃលិន គឺដឹកនាំដោយ នាយឧត្តមសេនីយ៍ អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តប៉ៃលិន រៀបចំឡើង ក្នុងគោលបំណង ផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីសម្រាលកូន និងប្រាក់ចូលរួមរំលែកទុក្ខបុណ្យសពជូនប្រជាពលរដ្ឋដែលមានទីលំនៅអចិន្រ្តៃយ៍នៅ ខេត្តប៉ៃលិន ដោយមិន ប្រកាន់និន្នាការនយោបាយសាសនាឡើយ៕