(សៀមរាប)៖ បន្ទាប់ពីរឿងបែបកំប្លុកកំប្លែងថ្មីមួយទៀត មានចំណងជើថា «ឡប់៨» របស់ផលិតកម្ម Spider ត្រូវបានសម្ពោធជាផ្លូវការ ដាក់បញ្ចាំងនាល្ងាចមិញនេះ នៅកណ្ដាលក្រុងសៀមរាប បានធ្វើឲ្យកក្រើកដល់តារាល្បីៗ នាំគ្នាធ្វើដំណើរពីទីក្រុងភ្នំពេញដើម្បីទៅចូលរួម ជួបជាមួយអ្នកគាំទ្រ និងទស្សនិកជននៅក្នុងខេត្តនេះយ៉ាងច្រើនកុះករ ធ្វើឲ្យកម្មវិធីទាំងមូល ពោរពេញដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាល។

​លោក ​ចំរើន គិរី ចាងហ្វាងផលិតកម្ម Spider បានថ្លែងប្រាប់ឲ្យដឹងថា មូលហេតុដែលរឿងនេះ ត្រូវបានបើកសម្ពោ​ធ​ក្នុងខេត្តសៀមរាប ព្រោះតែនៅក្នុងខេត្ត មានអ្នកគាំទ្រភាពយន្តខ្មែរច្រើន ហើយតារាសម្ដែង​ក្នុងរឿងនេះ ក៏មានអ្នកគាំទ្រ (Fan) នៅទីនោះច្រើន និងដោយមានការសំណូមពរ ពីទស្សនិកជននៅទីនោះទៀត ទើបលោកសម្រេចចិត្ត ទៅសម្ពោធនៅ ទឹកដីអង្គរតែម្ដង។

លោកបន្តថា ភាពយន្តរឿង «ឡប់៨» ជាភាពយន្តមានរសជាតិ បែបកំប្លែងបែបថ្មីមួយទៀត ដោយមានការសម្រិតសម្រាំង យ៉ាងពិសេសទាំងបច្ចេកទេស តួសម្ដែង ប្លង់ថត និងទីតាំងថត ត្រូវបានពិនិត្យមើល យ៉ាងល្អិតល្អន់ ដើម្បីឲ្យសាច់រឿង​មានលក្ខណៈខុសប្លែកពីគេ និងមានភាពទាក់ទាញអ្នកទស្សនា។ ទោះបីជាតារាសម្ដែងក្នុងរឿង មិនមែនជាតារាសម្ដែង​កំប្លែងអាជីព ក៏ប៉ុន្តែលោកជឿជាក់ថា ភាពយន្តនេះ នឹងធ្វើឲ្យអ្នកទស្សនា សើចតាំងពីដើម​ រហូតដល់ចប់។

​ចាងហ្វាងផលិតកម្ម​វ័យក្មេង និងជាអ្នកដឹកនាំសម្ដែងរូបនេះ បន្តថា ​​​ដោយសារតែម្ចាស់ផលិតកម្មស្ទើរទាំងអស់ ចាប់អារម្មណ៍ធ្វើពិធីសម្ពោធរឿង តែតាមបណ្ដារោងនៅ​រាជធានីភ្នំពេញ ទើបលោកសម្រេចចំណាយទុន ដឹកនាំតារាសម្ដែង និងតារាសិល្បជាច្រើនឲ្យទៅជួបអ្នកគាំទ្រដោយផ្ទាល់ នៅខេត្តសៀមរាបជាជំនួសវិញ។ ​ជាឱកាសដែលអ្នកសៀមរាប បានជួបតារាល្បីៗដោយផ្ទាល់ ហើយក៏មានឱកាសបង្ហាញភាពស្និទ្ធស្នាល ជាមួយគ្នា រវាងតារាៗមកពីភ្នំពេញ និងអ្នកគាំទ្រភាពយន្ត នៅខេត្តសៀមរាបផងដែរ។ ​

លោកថារឿងនេះ មានចំណុចពិសេសច្រើនយ៉ាង ដោយតួអង្គសម្ដែងក្រៅពីជាតារា ក្មេងៗស្រស់ស្អាត ក៏មានសមត្ថភាពសម្ដែងខ្ពស់ ហើយជាតារាដែលមានកេរ្តិ៍ឈ្មោះឡើងកូដ នៅក្នុងវិថីសិល្បៈ។ ​«ឡប់៨»ជាប្រភេទរឿងកំប្លុកកំប្លែង តែបង្កប់នូវការអប់រំ ដោយមិនមានពាក្យចំអូសចំអាស និងជារឿងនិពន្ធថ្មីទាំងស្រុង មិនមានឈុតឆាកចម្លងពីគេ។ នេះជារឿងទី១របស់ផលិតកម្ម ប៉ុន្តែលោកថា ទម្ងន់គ្រប់គ្រាន់​ក្នុងការជឿជាក់ថា ​ខ្សែរឿងនេះ លោករំពឹងយ៉ាងខ្លាំងថា ជោគជ័យ និងប្រមូលថវិកាបានមិនក្រោម៦ម៉ឺនដុល្លារ​នោះទេ ក្រោយចែក៥០ភាគរយ ជាមួយម្ចាស់រោងហើយ។

​សូមបញ្ជាក់ថា ភាពយន្តរឿង «ឡប់៨» មានការចូលរួមសម្ដែងដោយតារាល្បីៗដូចជា កញ្ញា ម៉ិច ម៉ានីកា, លោក ឆឹម សក្កដា, លោក ទេព រិទ្ធីនី និងលោក ភិម៉ៃ ព្រមទាំងតារាក្មេង ចាស់ជាច្រើនទៀត។ រឿង «ឡប់៨» ចាប់ផ្ដើមចាក់បញ្ចាំង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះតទៅ គ្រប់បណ្ដារោងភាពយន្តទាំងអស់ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាម៕