(ភ្នំពេញ)៖ ក្រុមហ៊ុន ទឹកបរិសុទ្ធ Gold Star Premium Water ដែលដឹកនាំដោយ លោក បុង ច័ន្ទរង្សី នាយកគ្រប់គ្រងទូទៅ និងលោក ទូច ពិសិដ្ឋ នាយករងគ្រប់គ្រងទូទៅ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានឧបត្ថម្ភទឹកពិសាពេញមួយជីវិត និងថវិកាមួយចំនួន ដល់លោកតា លក់ចំពាមកៅស៊ូ ដែលគ្មានទីពឹង ស្នាក់អាស្រ័យនៅវត្តថាន់។

លោក បុង ច័ន្ទរង្សី បានថ្លែងថា «នៅថ្ងៃនេះ ក្រុមការងារយើង ដែលតំណាងឲ្យក្រុមហ៊ុន ទឹកបរិសុទ្ធ Gold Star Premium Water បាននាំយកថវិកាមួយចំនួន  និងឧបត្ថម្ភទឹកពិសារបស់ក្រុមហ៊ុនយើងពេញមួយជីវិត ដោយពេលនេះយើងបានយកទឹកបរិសុទ្ធ ជូនលោកតាចំនួន១០កេស សម្រាប់គាត់ពិសា ហើយពេលដែលអស់ យើងផ្ដល់ជូនគាត់រហូតផងដែរ ដើម្បីជួយសម្រួលការលំបាករបស់លោកតា ដ៏ដំសត់រូបនេះ បានមួយចំណែកដែរ»

លោកបន្ដថា «សម្រាប់ព័ត៌មាននេះ ខ្ញុំក៏បានដឹង និងឃើញ តាមរយៈសារព័ត៌មានមួយចំនួន ដែលបានចេញផ្សាយ និងបណ្ដាសង្គមហ្វេកប៊ុក​ ដែលបានផ្សាយតៗគ្នានោះ ហើយយើង ក៏បានឃើញនូវភាពក្រលំបាក របស់លោកតា គ្មានទីពឹងនេះ ដោយគាត់មានអាយុ៧២ឆ្នាំហើយ រស់នៅម្នាក់ឯងទៀតនៅក្នុងវត្ដ ដោយមុខរបរ លក់ចំពាមកៅស៊ូ និងឧបករណ៍ប្រើប្រាស់ផ្សេងទៀត ដើម្បីចិញ្ចឹមក្រពះ ឲ្យបានរស់មួយគ្រាៗ ដែលបង្ហាញឲ្យឃើញ ពីភាពតស៊ូក្នុងវិជិតដ៏វេទនារបស់គាត់នេះ»

គួរបញ្ជាក់ថា លោកតា លក់ចំពាមកៅស៊ូរូបនេះ បានធ្វើឲ្យបណ្ដាសង្គមហ្វេកប៊ុក បានបន្ដចែកចាយរូបគាត់ យ៉ាងខ្លាំង ក្នុងមួយរយៈពេលនេះ ដោយក្នុងពិធីបុណ្យអុំទូក កាលពីពេលថ្មីៗនេះ លោកតា ត្រូវបានសមត្ថកិច្ចធ្វើការណែនាំ និងសុំកុំឲ្យគាត់លក់ចំពាមកៅស៊ូនេះ តទៅទៀត ប៉ុន្ដែរបស់ផ្សេងទៀត ដែលលោកតាបានឆ្នៃប្រឌិតហើយ អាចបន្តលក់បានធម្មតា៕