(ភ្នំពេញ)៖ ក្រោយបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ពិភាក្សា លើរបៀបវារៈសំខាន់ចំនួន៣ នៅវេលាម៉ោង៩៖០០ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ រដ្ឋសភាកំណត់ យករបៀបវារៈចំនួន៣ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ទៅប្រជុំសភាពេញអង្គនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ពោលគឺនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។ គណបក្សប្រឆាំងប្រកាសជំហរចូលរួមកិច្ចប្រជុំសភាពេញអង្គនេះ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍បានធ្វើឡើង ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយពិភាក្សាលើរបៀបវារៈមួយចំនួន រួមមាន ការពិភាក្សាលើច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ ច្បាប់ទូទាត់ថវិកា ឆ្នាំ២០១៥ និងច្បាប់ស្តីពីការ គ្រប់គ្រងថវិកាជាតិ ឆ្នាំ២០១៧ និងរបៀបវារៈផ្សេងៗមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំដដែលនោះ លោក យ៉ែម បុញ្ញឬទ្ធិ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាអ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគតិច បានប្រកាសឲ្យដឹងថា ក្រុមតំណាងរាស្រ្តសំឡេងភាគតិចនឹងចូលរួម ប្រជុំសភាពេញអង្គ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោក យ៉ែម បុញ្ញឬទ្ធិថា គណបក្សប្រឆាំងយល់ឃើញថា ការចូលរួមប្រជុំសភាពេញអង្គនាពេលខាងមុខនេះ គឺមានច្បាប់សំខាន់ៗជាច្រើនដែលត្រូវលើកយកមកពិភាក្សា ជាពិសេសគឺច្បាប់គ្រប់គ្រងថវិកាជាតិ ឆ្នាំ២០១៧។ លោកថា សេចក្តីព្រាងច្បាប់នេះនៅមានចំណុចខ្វះខាតមួយចំនួន ដូចជា លើពន្ធដារ សម្បទាដីព្រៃឈើ និងលើវិស័យទេសចរណ៍ជាដើម។
យ៉ាងណាក៏ដោយ លោក ឈាង វុន អ្នកនាំពាក្យសំឡេងភាគច្រើនក្នុងរដ្ឋសភា បានប្រាប់ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះការចូលរួម របស់សមាជិកសភារបស់គណបក្សសង្រ្គោះជាតិ តែលោកថា សម្រាប់ភាគីគណបក្សរបស់លោក គឺមិនមានការភ្ញាក់ផ្អើលឡើយចំពោះវត្តមានរបស់ពួកគាត់។ លោក ឈាន វុនថា «ចង់ចូល ឬមិនចូលជាសិទ្ធិរបស់ពួកគាត់ គ្មានអ្នកណាហាមឃាត់ទេ។ ទោះមិនចូលក៏កិច្ចប្រជុំគេ ដំណើរការទៅជាធម្មតា»។
ជាការកត់សំគាល់ឃើញថា លោក យ៉ែម បុញ្ញឫទ្ធិ ធ្លាប់បានបញ្ជាក់ថា សមាជិកសភាគណបក្សសង្រ្គោះជាតិ អាចនឹងចូលរួមកិច្ចប្រជុំសភាពេញអង្គ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ ដើម្បីបង្ហាញជំហរថា អាចនឹងមានការសហការគ្នា និងធ្វើការរួមគ្នា ដើម្បីឈានទៅដល់ការ ចរចានយោបាយ នៅពេលខាងមុខនេះ តបតាមការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ប៉ុន្តែជាក់ស្តែង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅនោះ សមាជិកសភាគណបក្សសង្រ្គោះជាតិ នៅតែធ្វើពហិការមិនចូលរួមប្រជុំសភាដដែល។
គួរបញ្ជាក់ថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើពហិកាមិនចូលប្រជុំសភាពេញអង្គ ជាច្រើនខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមានចំណាត់ការលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជុំវិញករណីមិនចូលខ្លួន ធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្មមក៕