(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាឯកជនដ៏ល្បីល្បាញខាងផ្នែកបង្ហោះគ្រាប់រ៉ុកែ្កត «SpaceX» កំពុងព្យាយាមសុំការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក ដើម្បីបង្កើតបណ្តាញផ្កាយរណបដ៏ធំបំផុត ដែលនឹងផ្តល់នូវសេវាអ៊ីនធឺណែតល្បឿនលឿននៅជុំវិញពិភពលោក។ នេះបើតាមការឯកសារថ្មីបំផុតដែលត្រូវបានដាក់ស្នើ ទៅកាន់គណៈកម្មាការទំនាក់ទំនងសហព័ន្ធនៃសហរដ្ឋអាមេរិក និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើយោងតាមឯកសារខាងលើ ក្រុមហ៊ុនដែលជាកម្មសិទ្ធ និងស្ថិតក្រោមការប្រតិបត្តិរបស់សហគ្រិន បច្ចេកវិទ្យាដ៏ល្បីឈ្មោះលោក Elon Musk មួយនេះ បានដាក់សំណើរដើម្បីសុំ ធ្វើការបង្កើតប្រព័ន្ធទំនាក់ទំនងលំហរអាកាស ដែលនឹងផ្សំឡើងពីផ្កាយរណបសរុបចំនួន៤,៤២៥គ្រឿង នៅជុំវិញគន្លងនៃភពផែនដី ខណៈគំរោងនេះត្រូវបានប្រកាសជាលើកដំបូងបំផុត កាលពីខែមករាឆ្នាំ២០១៥ ហើយកាលនោះត្រូវបានអះអាងថា នឹងត្រូវចំណាយយ៉ាងហោចណាស់ចំនួន១០ពាន់លានដុល្លារ ដើម្បីអាចសម្រេចទៅបាន ប៉ុន្តែភ្ជាប់មកជាមួយឯកសារចុងក្រោយបំផុតនេះ ពុំមាននូវផែនការហិរញ្ញវត្ថុ ឬការចំណាយប៉ាន់ស្មានអ្វីនោះឡើយ។
ក្រុមហ៊ុន SpaceX បានបញ្ជាក់នៅក្នុងរបាយការណ៍ស្តីពីបច្ចេកទេសរបស់ខ្លួនថា បណ្តាញអ៊ីនធឺណែត-ផ្កាយរណប ដែលគ្រប់ដណ្តប់ទូទាំងពិភពលោកនេះ នឹងចាប់ផ្តើមឡើងដោយការបង្ហោះផ្កាយរណបប្រមាណ៨០០គ្រឿង ទៅកាន់លំហអាកាស នៅក្នុងរយៈកម្ពស់ចាប់ពី១,១៥០ទៅ១,៣២៥គីឡូម៉ែត្រ ពីស្រទាប់នៃផ្ទៃផែនដី ដើម្បីពង្រីកសេវាអ៊ីនធឺណែតនៅក្នុងសហរដ្ឋអាមេរិកជាមុនសិន មុននឹងផ្តល់ជូនទៅកាន់អ្នកប្រើប្រាស់នៅគ្រប់វិស័យទូទាំងសកលលោក។
គួរបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មចម្បងរបស់ក្រុមហ៊ុន SpaceX គឺទទួលបង្ហោះផ្កាយរណប ទៅកាន់លំហអាកាសឲ្យរដ្ឋាភិបាល និងអតិថិជននានា ហើយវាក៏ជាអ្នកបង្ហោះ យានសម្រាប់ដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ឬហៅកាត់ថា ISS ឲ្យទីភ្នាក់អវកាសអាមេរិក NASA ផងដែរ។
គួររំលឹកដែរថា ការបង្ហោះគ្រាប់រ៉ុកែ្កត ទៅកាន់គន្លងនៃភពផែនដីរបស់ក្រុមហ៊ុនមួយនេះ ត្រូវបានបន្តផ្អាករហូតមកចាប់តាំងពីថ្ងៃទី០១ខែកញ្ញាកន្លងទៅ ដែលជាពេលដែលបញ្ហាបច្ចេកទេស ដ៏ធ្ងន់ធ្ងរមួយបានបំផ្លាញគ្រាប់រ៉ុក្កែត Falcon 9 ដែលតម្លៃ៦២លានដុល្លាររួមជាមួយ និងផ្កាយរណប ទាក់ទងរបស់ប្រទេសអ៊ីស្រាអែល ដែលតម្លៃ២០០លានដុល្លារ ក្នុងមួយពព្រិចភ្នែកតែប៉ុណ្ណោះ ហើយក្រុមហ៊ុន SpaceX សង្ឃឹមថានឹងអាចចាប់ផ្តើមធ្វើការហោះហើរសាជាថ្មី នៅខែក្រោយនេះ៕