(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីសូត្រមន្ត បង្សុកូលរាប់បាត្រ នៅវេលាម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលស្លាប់នៅលើស្ពានពេជ្រ។ ពិធីនេះមានកាចូលរួមជាអធិបតីដោយ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
ពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ មានការរាប់បាត្រ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន១០៨អង្គ នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ។
គួរបញ្ជាក់ថា កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុ រត់ជាន់គ្នា នៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ៣៤៩នាក់ ស្លាប់បាត់បង់ជីវិត និងជាង ៧០០នាក់ទៀតបានរងរបួស។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ច។
ជារៀងរាល់ឆ្នាំ សាលារាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តបង្សុកូល រាប់បាត្រដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះលើស្ពានពេជ្រ ហើយក៏មានការចូលរួមពីសាច់ញាតិប្រជាពលរដ្ឋ ដែលបានស្លាប់បាត់បង់ជីវិតផងដែរ៕