(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះចាក់វ៉ាក់សាំងសារទឹកដល់សត្វគោ ៩៨ក្បាល និងក្របី ៧៥ក្បាល ដើម្បីបង្កាជំងឺរាតត្បាតផ្សេងៗ កំឡុងពេលផុតរដូវវស្សា និងរួមចំណែកដោះស្រាយការចំណាយរបស់ប្រជាកសិករ ក្នុងមូលដ្ឋាន។
យុទ្ធនាការនេះ ធ្វើឡើងនៅក្នុងបរិវេណអនុវិទ្យាល័យកំពែង ស្ថិតក្នុងភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ដោយមានការចូលរួមពី លោក កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត ក្រុមបសុពេទ្យនៃមន្ទីរកសិកម្មខេត្ត ភ្នាក់ងារពេទ្យសត្វភូមិ និងប្រជាពលរដ្ឋជាច្រើនគ្រួសារ។
លោក ម៉ៅ ធនិន និងលោក កៅ ផល បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យចេះថែរក្សាការពារសត្វគោ ក្របី ជ្រូក មាន់ ទារបស់ខ្លួន ដោយរាយការណ៍ជាបន្ទាន់ ដល់ភ្នាក់ងារបសុពេទ្យភូមិ ប្រសិនបើមានជំងឺផ្សេងៗកើតមាន ជៀសវាងបង្កឱ្យមានជំងឺឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ។
ជាមួយគ្នានោះលោក បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោតសារជាថ្មី ឲ្យបានគ្រប់ៗគ្នា នៅតាមភូមិ ឃុំ-សង្កាត់ ដែលខ្លួនរស់នៅ ដោយគិតចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺនៅសល់តែ ១២ថ្ងៃ ទៀតប៉ុណ្ណោះ នៃការចុះឈ្មោះបោះឆ្នោត។
លោកអភិបាលខេត្តក៏បានអំពាវនាវ ដល់អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព រួមគ្នាគោរពច្បាប់ចរាចរណ៍ បង្កាទប់ស្កាត់រាល់បទល្មើស និងត្រូវចេះរួមសាមគ្គីគ្នាជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។
ប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីត្រេកអរជាខ្លាំង ខណៈដែលមានការយកចិត្តទុកដាក់ពីថ្នាក់ក្រសួង ខេត្ត និងមន្ទីរ បានចុះចាក់វ៉ាក់សាំងការពារជំងឺឆ្លងដល់សត្វគោក្របីរបស់ពួកគាត់ ក្នុង១ឆ្នាំចាក់ថ្នាំបង្កាចំនួន២ដង។
ឆ្លៀតក្នុងឱកាសនោះ ប្រតិភូក៏បានបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោសិប្បនិម្មិត ពូជដ្រាម៉ាន់ របស់ប្រជាកសិករឈ្មោះ ទ្រី សុភក្ត្រ ក្នុងភូមិទួលគ្រោះ សង្កាត់ចម្រើនផល ដែលចាប់ផ្តើមពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន បានចំនួន ២១ក្បាល ដោយក្នុ១ក្បាលលក់ជាមធ្យមជាង ៤លានរៀល ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗមួយចំនួន លើការងារដាំស្មៅពូជ សម្រាប់ផ្គត់ផ្គង់ការចិញ្ចឹមគោ របស់ប្រជាកសិករ ក្នុងមូលដ្ឋានខាងលើផងដែរ៕