(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ នៅរសៀលថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ បាននាំយកគ្រឿង ឧបករណ៍ភ្លេងឥន្ត្រី១ឈុត ដែលផលិតនៅប្រទេសថៃ ដែលជាអំណោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនយុវជន កាយាឫទ្ធិវិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា ក្នុងអំឡុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសួរសុខទុក្ខនិងដោះស្រាយសេចក្តីត្រូវការ របស់ពលរដ្ឋនិងក្មួយៗសិស្សានុសិស្ស ខេត្តបន្ទាយមានជ័យដល់ទៅ២លើកជាប់គ្នានោះ សម្តេចបានប្រកាស ផ្តល់អគារសិក្សាចំនួន២៧ ខ្នងស្មើ៤៩២បន្ទប់ ទីចាត់ការ១៨ខ្នង ស្មើ៥៤បន្ទប់ផ្ទះគ្រូ៥ខ្នងស្មើ៥០បន្ទប់ ម៉ាស៊ីនថតចម្លង៩គ្រឿង កុំព្យួទ័រ១០៦គ្រឿងនិងម៉ាស៊ីនព្រីនធ័រ១៦គ្រឿង និងឧបករណ៍ភ្លេងកាយារិទ្ធិ ផលិតនៅប្រទេសថៃនេះផងដែរ ។
លោកបន្តថា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំង ខេត្តសូមថ្លែងអំណរគុណ និងប្តេជ្ញាចិត្តជាថ្មីយ៉ាងម៉ឺងម៉ាត់គាំទ្រ ជឿជាក់ និងផ្តល់ជូនការតបគុណ គឺជូនពរសម្តេចនៅជានាយករដ្ឋមន្ត្រីជារៀងរហូត។
លោកក៏បានរំលឹក អំពីគុណបំណាច់នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ដែលមាន៣ចំណុចធំៗ ដែលជំរុញនិងនាំមកនូវការបង្រួមបង្រួមជាតិខ្មែរ បញ្ចប់ការបែងចែកទឹកដី បញ្ចប់ទាំងស្រុងនូវសង្គ្រាម នាំមកនូវសុខសន្តិភាព និងការស្តារអភិវឌ្ឍន៍លើគ្រប់វិស័យ៕