(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកសម្ពោធមន្ទីរពិសោធន៍ចល័ត (Mobile Lab) លើកទី១ បម្រើដល់សកម្មភាពរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីចុះទៅវិភាគរកសារធាតុគីមីហាមឃាត់ និងវាយតម្លៃគុណភាពម្ហូបអាហារ ដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់។
នាក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានឲ្យដឹងថា «មន្ទីរពិសោធន៍ចល័តថ្មីដែលបំពាក់នៅក្នុងរថយន្ត FORD TRANSIT ឆ្នាំ២០១៦នេះ នឹងរួមចំណែកលើកកម្ពស់ វិជ្ជាជីវៈរបស់មន្ត្រីកាំកុងត្រូល ព្រមទាំងផ្តល់លទ្ធភាព សម្រាប់ពួកគេធ្វើការវិភាគរកសារធាតុគីមី នៅក្នុងផលិតផលម្ហូបអាហារ ឬផ្លែឈើសម្រាប់នអាជីវករ និងពាណិជ្ជករ ដោយឥតគិតថ្លៃនៅតាមទីផ្សារតូចធំ និងតាមគោលដៅត្រួតពិនិត្យ ដែលស្ថិតក្នុងតំបន់ឆ្ងាយៗ»។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្ថែមទៀតថា ក្រៅពីអាចចល័ត និងវិភាគផលិតផលម្ហូបអាហារ នៅគ្រប់ទីកន្លែង ដោយទទួលបានលទ្ធផលវិភាគលឿនរហ័សទាន់ចិត្ត មន្ទីរពិសោធន៍ចល័តនេះ ក៏មានសមត្ថភាពពិនិត្យរាល់ទំនិញខូចគុណភាព និងផលិតផលមានផ្ទុកសារធាតុគីមី តាមរយៈការដកហូតទំនិញភ្លាមៗ ឬទប់ស្កាត់មិនឲ្យធ្វើចរាចរ លើទីផ្សារកម្ពុជា។
សូមបញ្ជាក់ថា មន្ទីរពិសោធន៍ចល័តដែលបំពាក់លើរថយន្ត FORD TRANSIT ឆ្នាំ២០១៦នេះ មានតម្លៃសរុប ១១៩ ៣៣០.៣៥ដុល្លារ អាចផ្ទុកមនុស្សបានចំនួន ៥នាក់។
ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងវាយតម្លៃគុណភាពម្ហូបអាហារ អគ្គនាយកដ្ឋានកាំកុងត្រូល បានបំពាក់ឧបករណ៍ចាំបាច់ជាមូលដ្ឋានមួយចំនួន នៅក្នុងរថយន្ត ដូចជា៖
ទី១.ទូរបឺតសារធាតុពុល ដែលមានមុខងារការវិភាគ និងរៀបចំប្រតិករគីមី, ទី២.pH Meter សម្រាប់វាស់កម្រិតអាស៊ីត ឬបាសក្នុងម្ហូបអាហារ, ទី៣.WATER BATH ជាឧបករណ៍ជំនួយ សម្រាប់វិភាគរកសារធាតុគីមី, ទី៤.ជញ្ជីងថ្លឹងសំណាកម្ហូបអាហារ ឧបករណ៍ជំនួយសម្រាប់ប្រើក្នុងការវិភាគ,
ទី៥.ឧបករណ៍សំណើមក្នុងម្ហូបអាហារ និងផលិតផលកសិកម្ម, ទី៦.ឧបករណ៍វាស់សីតុណ្ហភាព,ទី៧.បំពាក់ឧបករណ៍តេស្តបឋម សម្រាប់វិភាគរកសារធាតុគីមីហាមឃាត់ ដែលតែងតែប្រើប្រាស់នៅកម្ពុជា និងប្រទេសជិតខាង, ទី៨.បំពាក់ប្រព័ន្ធទឹកសម្រាប់ការវិភាគ, ទី៩.បំពាក់ម៉ាស៊ីនភ្លើង សម្រាប់ប្រើជាមួយឧបករណ៍វិភាគនៅក្នុងរថយន្ត, និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត សម្រាប់ប្រើប្រាស់ក្នុងការវិភាគ។
ដោយឡែក ចំពោះសមត្ថភាពនៃការវិភាគរបស់មន្ទីរពិសោធន៍ នៅលើរថយន្តចល័តនេះ អាចបំពេញមុខងារសំខាន់ៗ ដូចជា៖ អាចវិភាគរកសំណល់ថ្នាំពុលកសិកម្មក្នុងបន្លែ ផ្លែឈើ, សំណល់ថ្នាំបសុពេទ្យនៅក្នុងសាច់ និងផលិតផលផ្សំពីសាច់, សារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ ដូចជាបូរ៉ាក់ ហ្វ័រម៉ាលីន ម្សៅស អាស៊ីតហាមឃាត់ ដែលប្រើក្នុងជ្រក់, វិភាគគុណភាពប្រេងឆាដែលខូចគុណភាព, វិភាគសំណើមរបស់ផលិតផលកសិកម្ម ពិសេសគុណភាព និងលក្ខខណ្ឌរក្សាទុករបស់ដំណាំ ពោត ស្រូវ អង្ករ និងសណ្តែកជាដើម៕