(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក នឹងរៀបចំសន្និសីទកាសែតមួយ នៅមុនការប្រកាសសាលដីកាស្ថាពរ លើបណ្តឹងសារទុក្ខ ក្នុងសំណុំរឿង០០២/០១ ប្រឆាំងនឹងលោកខៀវ សំផន និងលោក នួន ជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។ សន្និសីទការសែតនេះ នឹងរៀបចំធ្វើនៅវេលាម៉ោង១០៖០០ព្រឹក ដល់ម៉ោង១១៖០០ព្រឹក នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជាដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
សូមរំលឹកថា សំណុំរឿង០០២/០១ គឺជាការជំនុំជម្រះលើកទី១នៃការជំនុំជម្រះយ៉ាងតិចពីរ ប្រឆាំងនឹងលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និងលោក នួន ជា អតីត អនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បទចោទក្នុងសំណុំរឿង០០២/០១ គឺផ្តោតលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅក្នុងអំឡុងពេលជម្លៀសនៅទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ប្តូរដោយ បង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់អតីតមន្រ្តីរដ្ឋកាលសម័យលន់ នល់ នៅទួលពោធិ៍ ក្នុងខេត្តពោធិ៍សាត់៕