(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញរបាយការណ៍បន្ថែម ជុំវិញព័ត៌មានពលករខ្មែរ១៨នាក់ ជាអ្នកនេសាទ ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួននៅការិយាល័យអន្ដោប្រវេសន៍ Immigration Class III Tarempa ប្រចាំកោះ Riau។

សេចក្តីប្រកាសក្រសួងការបរទេស បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ការិយាល័យអន្ដោប្រវេសន៍ឥណ្ឌូនេស៊ី បានឯកភាពបញ្ជូនពលករខ្មែរ ១៦នាក់ក្នុងចំណោម១៨នាក់ ទៅការិយាល័យអន្ដោប្រវេសន៍ ប្រចាំទីក្រុង Tanjung Pinang ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណ។ ដោយឡែកជនរងគ្រោះ២នាក់ទៀត ត្រូវបានការិយាល័យអន្ដោប្រវេសន៍ប្រចាំកោះ Riau ស្នើទុកសម្រាប់ធ្វើជាសាក្សី ដើម្បីកាត់ទោសម្ចាស់ទូកនេសាទ។ ដោយឡែកកាលពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ តំណាងស្ថានទូតខ្មែរ និងអង្គការ IOM បានធ្វើការសម្ភាសន៍ជាមួយពលករទាំងនោះ ហើយដឹងថា ពួកគេពិតជាជនរងគ្រោះពិតប្រាកដមែន ដែលពុំមែនជាជនល្មើសទេ ហើយក្រសួងកំពុងសម្របសម្រួលចំពោះរឿងនេះ។

សូមបញ្ជាក់ថា ពលរកទាំងអស់នេះ មានអាយុចន្លោះពី១៧ឆ្នាំ ទៅ៥៨ឆ្នាំ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពត និងកំពង់ធំ។ ពួកគេបានចូលក្នុងប្រទេសថៃ នៅចុងខែមិថុនា ឆ្នាំ២០១៦ ស្នាក់នៅក្នុងខេត្តប៉ាតានី ជាមួយមិត្តភ័ក្រ និងបងប្អូន ហើយបន្ទាប់មកត្រូវបានម្ចាស់ទូកនេសាទ នាំទៅនេសាទនៅខេត្ត Endau ប្រទេសម៉ាឡេស៊ី រួចក៏ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី ឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅតែម្តង។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖